ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើខុសច្បាប់មួយគ្រឿងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបបានហើយដុតបំផ្លាញចោលទាំងស្រុងតែម្តង។
កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការដុតបំផ្លាញចោលរថយន្តដឹកឈើមួយគ្រឿងនោះនៅវេលាម៉ោង១១ៈ១០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
ក្នុងហេតុការណ៍បង្រ្កាបរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងនោះដឹកនាំកម្លាំងដោយលោកប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា។ ក្នុងនោះមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ចំនួន៥នាក់មានរថយន្តចំនួន២គ្រឿង និងមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមារួមជាមួយនគបាលវរៈការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០នាក់។
ប្រភពពីសមត្ថកិច្ចថា រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនោះម៉ាកសាំយ៉ុងពណ៌សអត់ស្លាកលេខ ហើយក៏ បានសម្រេចរួមគ្នាធ្វើការដុតកម្ទេចចោលឆេះយ៉ាងសន្ធោសន្ធៅដើម្បីជាការព្រមានដល់ក្រុមឈ្មួញសកម្មបំផ្លាញ
ព្រៃឈើកុំឱ្យមានបន្តទៀត។
ក្នុងការបង្ក្រាបនិងធ្វើការដុតបំផ្លាញរថយន្តដឹកឈើមួយគ្រឿងនោះសមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណម្ចាស់នោះទេ ព្រោះអ្នកបើកបរបានរត់គេចខ្លួនបាត់ភ្លាមៗដែរដោយបន្សល់ទុកតែវត្ថុតាង។
តែទោះជាយ៉ាងណាក្រុមឈ្មួញអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តនិងម៉ូតូនៅទីនោះគឺមានមុខតែដដែលៗប៉ុណ្ណោះ សមត្ថកិច្ចប្រាកដជាដឹងនិងស្គាល់យ៉ាងច្បាស់គ្រាន់តែមិនទាន់ចង់បង្ហាញគឺចាំឱ្យពួកគេចេញមុខមកដោយខ្លួនឯងផង៕
ដោយ ជីវ័ន្ត