មាននិទានមួយថា : មានកុដុម្ពីម្នាក់ មានកូនប្រុស ៣ នាក់, កូនច្បងទៅបម្រើស្ដេច, កូនបន្ទាប់ទៅជួញស្វែងរកទ្រព្យសម្បត្តិមកចិញ្ចឹមខ្លួនឯង ឯប្អូនពៅទៅបួសក្នុងសំណាក់សាសនាព្រះតថាគត ។ លុះចំណេរយូរមកឪពុកនោះអស់អាយុទៅ កូនទាំង ៣ នាក់ឈ្លោះប្រកែកគ្នាដណ្ដើមសម្បត្តិរបស់ឪពុកតែរាល់ខ្លួន ជជែកគ្នាមិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីចែកសម្បត្តិនោះឲ្យកូនទាំង ៣ នាក់ ។ កូនទាំង ៣ នាក់មិនសុខចិត្ត ក៏នាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ តាមដំណើរ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីថា “ព្រះស្ដែងកូនច្បងចេញទៅនៅបម្រើស្ដេច ប្រាថ្នាឲ្យបានយសស័ក្ដិជាប្រយោជន៍ផ្ទាល់ខ្លួន, និងព្រះស្ដែងប្អូនបន្ទាប់ ដែលចេញទៅជួញស្វែងរកទ្រព្យមកចិញ្ចឹមខ្លួនឯងនោះ ត្រូវបានភាគ ១ ម្នាក់ស្មើគ្នា, ឯព្រះស្ដែងប្អូនពៅដែលចេញទៅបួស យកផលានិសង្ស ចម្រើនជូនទៅម្ដាយឪពុកនោះ ត្រូវបានភាគ ២ ម្នាក់ឯង ។ កូនទាំង ៣ នាក់សុខចិត្តទទួលចំណែកតាមព្រះបន្ទូលគ្រប់គ្នា ហើយក្រាបថ្វាយបង្គំលាទៅលំនៅទីទៃ ៗ ។
ព្រះមហាក្សត្រ ទ្រង់កាត់សេចក្ដីចែកសម្បត្តិឲ្យកូនទាំង ៣ នាក់យ៉ាងនេះ ហៅសុគតិគមនំហោង ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)







