ក្របីពលរដ្ឋចំនួន៥ក្បាលត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកបាត់នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្ដាល​៖ សត្វក្របីរបស់ពលរដ្ឋមួយគ្រួសារ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើលឡើង​កាលពីថ្ងៃទី១០​ខែកញ្ញា​ឆ្នាំ២០២០ វេលាម៉ោង៥និង៤០នាទីព្រឹកត្រង់ចំណុចក្នុងក្រោលក្រោយផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុន សុខជា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។ ដោយឡែកសត្វក្របីដែលបាត់បង់មានចំនួន៥ក្បាល ។
ប្រភពពដដែលបន្តថា កន្លងមក​ជនរងគ្រោះតែងតែយកក្របីរបស់ខ្លួនទៅចងនៅក្នុងក្រោលខាងក្រោយផ្ទះ លុះមកដល់វេលាម៉ោងកើតហេតុ ថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ២០២០ ក្រោយពីជនរងគ្រោះក្រោកពីដេក ដើរសំដៅទៅក្រោលក្របីរបស់ខ្លួន ក្នុងគោលបំណងយកក្របីទៅចងឲ្យស៊ីស្មៅនៅឯបឹង ក៏ស្រាប់តែបាត់ក្របីរបស់ខ្លួនចំនួន៥ក្បាល ដោយឃើញតែកូនក្របីតូចៗចំនួន២ក្បាល ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស​ដើម្បីជួយស្វែងរកជនសង្ស័យយកចាត់ការតាមច្បាប់។
ករណីនេះកម្លាំងនគរបាលជំនាញស្រុក និងប៉ុស្តិ៍កំពុងបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print