ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ដកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗចំពោះព្រះរតនត្រ័យ ដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។
ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម និងលោកស្រី ក៏បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។
ក្នុងនាមជាពុទ្ធសាសនិកដ៏ឆ្នើម និងគោរពជឿជាក់យ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីសាសនាខ្មែរឱ្យគង់វង្សថិតថេរយូរអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីដ៏ធំនេះជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានា យ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕ ដោយ៖ សិលា