ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០នគរបាលបានបំបែកសំណុំរឿងបទល្មើសចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ មួយករណីទៀត ដោយចាប់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់និងជនជាតិខ្មែរចំនួន៤នាក់ ដកហូតរថយន្តមួយគ្រឿង ,ម៉ូតូ២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងជួយរំដោះជនរងគ្រោះដែលជាជនជាតិចិនចំនួន៣នាក់ដោយសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់តាមរបាយការណ៍ថា នៅវេលាយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន១០.០០០$ (មួយម៉ឺនដុល្លារអាមេរិក) ។ បន្ទាប់ពីទទួលបណ្តឹងរួច នគរបាលបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទើបកំណត់បានទីតាំងបង្ខាំងជនសង្ស័យស្ថិតនៅចំណុចផ្ទះសំណាក់ វួយអុីណា ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់មកកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានរាយការណ៍ជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហើយលោកព្រះរាជអាជ្ញាបានឯកភាពឱ្យកម្លាំងសមត្ថកិច្ចចុះទៅធ្វើប្រតិបត្តិការនៅកន្លែងកើតហតុ។ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង , កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ចុះទៅប្រតិបត្តិការ ជួយរំដោះជនរងគ្រោះចំនួន៣នាក់ ភេទប្រុស ជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យបានទាំង៧នាក់ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
-ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ He Wei ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅរាជធានីភ្នំពេញ ។
២-ឈ្មោះ He A Kun ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកលក់សំបុត្រយន្តហោះ មានទីលំនៅរាជធានីភ្នំពេញ ។
៣-ឈ្មោះ Gao MingShuai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកជនសង្ស័យចំនួន៧នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ Cheng PengYun ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ Chen FuLi ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរក្រុមចងការប្រាក់ (ផ្នែកយាម) ស្នាក់នៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ Hai QuanShan ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិម៉ុងហ្គោលី (ចេះភាសាចិន) មុខរបរក្រុមចងការប្រាក់(ផ្នែកទារប្រាក់) ស្នាក់នៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ង៉ែត ពើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ខៀវ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ស្រ៊ី ហួត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ ង៉ែត ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖
-រថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ:ភ្នំពេញ 2BE-9670
-ម៉ូតូ2គ្រឿង ម៉ាកSmash Revo១គ្រឿង,ម៉ាក Duke 1គ្រឿង
-លិខិតខ្ចីប្រាក់២សន្លឹក(ភាសាខ្មែរ១សន្លឹក ,ភាសាចិន១សន្លឹក)
-ពិលឆក់១
-ដំបងឆក់ ១
-ស្រ្ពៃបាញ់ភ្នែក១។
ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ឆ្លាម សមុទ្