ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកលឿនទៅបុកម៉ូតូពីក្រោយ ដួលខ្ទាតចូលក្រោមកង់រថយន្តកិនអូសជិត១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល ហើយមានជនឆ្លៀតឱកាសមកបន្លំធ្វើជាជួយ តែលើកយកម៉ូតូជនរងគ្រោះ
ជិះទៅបាត់ថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៣៦៩(ផ្លូវមាត់ទន្លេ) កែងផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ពុធ អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង(មិនចាំស្លាកលេខ) តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទរថយន្តដឹកទំនិញ(មិនចាំស្លាកលេខ) បានបើកយ៉ាងលឿនស្របទិសគ្នាមកបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនអូសនឹងថ្នល់ជិត១០០ម៉ែត្របណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសមកបន្លំធ្វើជាជួយ តែបែរជាលើកយកម៉ូតូជនរងគ្រោះជិះទៅបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី១ សហការជាមួយផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅបានសាកសួររកសាក្សីដែលឃើញហេតុការណ៍ដើម្បីបញ្ជាក់ភិនភាគមួយជំហានសិន តែដោយសារតែយប់ជ្រៅហើយ ពុំមានអ្នកណាចេញមកឃើញទាន់ទេ ព្រោះរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលទៅ ទើបរង់ចាំព្រឹកឡើង ខាងជំនាញនិឹងសហការជាមួយព្រហ្មទណ្ឌខណ្ឌ ចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលមាននៅតាមផ្ទះសងខាងផ្លូវ ដើម្បីឈានដល់ការកំណត់មុខសញ្ញាជនល្មើសដែលលួចម៉ូតូជនរងគ្រោះជិះចេញទៅ និងរថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានមនុស្សស្លាប់ ហើយមិនទទួលសុខត្រូវនោះយកមកចាត់ការតាមនីតិវិធី។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕ ដោយ៖ ជ្រោយពេជ្រ