មន្ត្រីជំនាញថ្លែងថា មិនមានភាពធ្ងន់ធ្ងរទេ ចំពោះព្រះសង្ឃជាង៤០អង្គគង់នៅវត្តស្វាយដង្គំុ មានកម្តៅជាង៣៧អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃនោះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីជំនាញថ្លែងថា មិនមានភាពធ្ងន់ធ្ងរទេ ខណៈដែលព្រះសង្ឃចំនួន៤៦អង្គគង់នៅវត្តស្វាយដង្គំុ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានកម្តៅ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃនោះ ។

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបងបាន ចេញផ្សាយថា មានករណីក្តៅខ្លួន ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩វស្សា គង់នៅវត្តស្វាយដង្គំុ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សាស្ថិតក្នុងវត្តនេះ ហើយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ ។

បន្ទាប់ពីទទួលបានព័ត៌មាន និង ការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យនិងយកសំណាកចំនួន២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះយកសំណាកពីអ្នកជំងឺទៀត ។

ក្រុមការងារបានណែនាំលោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ ។ ការកំណត់ស្ថានភាពរួមជាបឋម គឺមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកកម្មត្រូវបានបញ្ចប់នៅវេលាម៉ោង២៣ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print