រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ លោក វេង សាខុន បានថ្លែងថា៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ ។
ដើម្បីសម្រេចបាននូវមហិច្ឆតាខាងលើ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន ដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិតជីវភាពមធ្យម ជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ និងការថមថយនៃកំលាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននិងនាពេលអនាគត់ ។
ជាក់ស្តែង នៅឆ្នាំ២០២០ នេះការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករបានកើនឡើងរហូតដល់ ៩៩,០៩% នៃផ្ទៃដីដាំដុះស្រូវសរុប ។ រីឯការប្រមូលផលស្រូវវិញគឺបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប ។ ដោយឡែក ការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print