សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យលើសេចក្តីព្រាងបឋម នៃច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យចុងក្រោយលើសេចក្តីព្រាងបឋមនៃអនុក្រឹត្យចំនួន០៣ដែលចង្អុលដោយមាត្រា៩ មាត្រា១៥ និងមាត្រា១៨ នៃច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាពនានាជាច្រើនផងដែរ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា « កិច្ចប្រជុំពេលនេះ គឺយោងតាមសំណើររបស់ក្រសួងយុត្តិធម៌ ដែលស្នើឱ្យមានកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យទៅលើសេចក្តីព្រាងអនុក្រឹត្យចំនួន៣រួមមាន៖ អនុក្រឹត្យស្តីពី ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ, អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មធិការសម្របសម្រួលថ្នាក់ ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ, និងអនុក្រឹត្យស្តីពីបែបបទ និតិវិធីនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងហរិញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ»។

សម្តេចមានប្រសាសន៍បន្តថា ក្រុមការងារអន្តរក្រសួងបានប្រជុំពិភាក្សាចំនួន១២លើករួចមកហើយ ជាលទ្ធផល ក្រុមការងារបានបញ្ចប់សេចក្តីព្រាងអនុក្រឹត្យទាំង៣ កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២០ ដូច្នេះការប្រជុំនាថ្ងៃនេះ ក្នុងន័យដើម្បីពិនិត្យចុងក្រោយ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារអន្តរក្រសួងដែលបានខិត ខំប្រឹងប្រែងរួមគ្នាតាក់តែងនូវសេចក្តីអនុក្រឹត្យទាំង៣នេះ។

សូមជម្រាបថា ច្បាប់នេះមានគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងមានគោលដៅកំណត់វិធានការ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។លើសពីនេះទៀតច្បាប់នេះមានវិសាលភាព អនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print