ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមន្ត្រីខាងណា ឬមានឋានៈជាអ្វីនោះទេ បាន
បេីករថយន្តម៉ាកFord Rangerពាក់ស្លាកលេខ នគរបាល2-0660 បុករបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុ គេ
ឃេីញរថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-0660 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន ខណៈមកដល់ភ្លើងស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស កែងផ្លូវលេខ៥២៨ ស្រាប់តែបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ខ្ទាតមកកណ្ដាលផ្លូវ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងគាបជាប់និងទ្រូងផ្លូវទៅមុខលែងរួច ។
ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តបង្កបានចុះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនិឹងកន្លែងសម្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ