ភ្នំស្រួច សល់គ្រឹះប្រាសាទបុរាណ ឥដ្ឋ និងបំណែក​សំណង់ប្រាសាទ​នៅរាយប៉ាយលើដីនៅលើភ្នំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ (ភ្នំស្រួច) បើតាមប្រភព​ពី Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានឱ្យដឹងថា៖ មានសល់គ្រឹះប្រាសាទបុរាណ ឥដ្ឋ និងបំណែក​សំណង់ប្រាសាទ​នៅរាយប៉ាយលើដីនៅលើភ្នំ។ នៅក្នុងទស្សវត្យឆ្នាំ១៩៩០ ប្រាសាទ​ត្រូវបានជនអគតិគាស់កាយរកវត្ថុបុរាណ ហើយបន្ទាប់មក គេបានគាស់គ្រឹះប្រាសាទ ដើម្បីចាក់ស៊ីម៉ងត៍សង់ព្រះវិហារវត្តនៅចំពីលើទីតាំងគ្រឹះប្រាសាទនោះ។ បើអ្នកអាន​បានស្គាល់ឈ្មោះប្រាសាទនេះ សូមជួយប្រាប់ផង។

មានការដាប់ផ្ទាំងថ្មធម្មជាតិនៅលើកំពូលភ្នំនោះធ្វើជាអាងទឹក សម្រាប់ត្រាំខ្លួនឱ្យស្បែកចាំ/គង់ កាប់មិនមុត ដុតមិនឆេះ។ បច្ចុប្បន្ន នៅលើភ្នំស្រួចនេះ មានអាងត្រាំថ្នាំចំនួន ០៦ និងរុនថ្មសម្រាប់បុកថ្នាំបុរាណខ្មែរយកទៅដាក់ត្រាំ។ ក្រុមការងារមិនដឹងអំពីប្រភេទ​រុក្ខជាតិ ឬវិធីប្រើ និងជឿជាក់លើយុវជនសិក្សា និងស្រាវជ្រាវ​បន្ថែម។

ក្រៅពីគ្រឹះប្រាសាទបុរាណដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងអាងត្រាំថ្នាំ មានផ្ទាំងសិលាធម្មជាតិធំៗរំលេចសម្រស់ក្នុងព្រៃភ្នំអមដោយសំលេងសត្វស្លាប និងជីវៈចម្រុះនានា។ ចាស់ៗរស់នៅក្បែរភ្នំនោះបានប្រាប់ថា ភ្នំស្រួចធ្លាប់​ជាជម្រកសត្វខ្លា។ មានលោកនេនមួយអង្គដែលគង់នៅលើភ្នំនោះ បានបង្ហាញក្រុមការងាររូងថ្មដ៏ធំមួយដែលលោកជឿថាជាជម្រកសត្វខ្លាពីមុន។ រឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌រួមនឹងសម្រស់ផ្ទាំងសិលាក្រោមម្លប់នៃដើមឈើធ្វើឱ្យភ្នំស្រួចក្លាយជាទីកន្លែងមនោរម្យសម្រាប់មកកំសាន្ត។

ភ្នំស្រួចស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១២° ៣៩’ ៤.៧៧៥០៤០”) និងរយៈបណ្តោយ(១០៤° ៥៩’ ១.៧៩៩៨៨០”) ស្ថិតក្នុងភូមិសាស្ត្រឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងលិចភ្នំសន្ទុក ប្រហែល ០១គីឡូម៉ែត។ បើអ្នកធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងស្ទឹងសែន ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ នៅលើផ្លូវជាតិលេខ៦ ត្រង់បង្គោលថ្មលេខ១៥១ មានផ្លូវដីក្រាលគ្រួសចូលទៅភ្នំស្រួច ឬអាស្រមភ្នំស្រួច។ អ្នកអាចឡើងតាមកាំជណ្តើរ ឬបើកបរទៅដល់កំពូលភ្នំ។

ការអញ្ជើញមកដល់របស់បង ប្អូនជនរួមជាតិអាចជួយលើកស្ទួយជីវភាពរបស់សហគមន៍តំបន់នោះ ជាពិសេសក្នុងអំឡុងពេលនៃ​វិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមចូលរួមលើកស្ទួយ​តាមអ្វីដែលអ្នកអាចធ្វើបាន ជាពិសេសលោកនេនតូចៗជាង២០អង្គគង់រៀនសូត្រនៅទីនោះ។
បើតាមប្រភព​ពី Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបញ្ជាក់ថា៖ ក្រុមការងារបានថតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងសូមបួងសួង​បន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកឲ្យពលរដ្ឋកម្ពុជាគ្រប់រូបជួបតែសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងមានសុភមង្គលកុំបីឃ្លៀងឃ្លាត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print