អន្តរជាតិ៖ ទាំងប្រធានាធិបតីដូណាល់ ត្រាំ និង បេក្ខភាពប្រធានាធិបតីចូ បៃឌិន បានបង្ហាញវត្តមាននៅរដ្ឋ Minnesota ក្នុងពេលពលរដ្ឋនៅទីនោះចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មុនពេលកំណត់។
ការបោះឆ្នោតអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែមានការបោះឆ្នោតមុនពេលកំណត់នៅរដ្ឋចំនួន៤ផ្សេងគ្នា គឺ រដ្ឋ Virginia , Minnesota, Dakota ខាងត្បូង និង Wyoming។
នៅក្នុងរដ្ឋ Minnesota ដែលជារដ្ឋយុទ្ធសាស្ត្រសំខាន់បំផុតនៅក្នុងតំបន់អាមេរិកកណ្តាលសម្រាប់បេក្ខភាពប្រធានាធិបតីទាំងពីររូប។ ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ និង បេក្ខភាពចូ បៃឌិន បានបំពេញទស្សនកិច្ចទៅកាន់រដ្ឋMinnesota នៅថ្ងៃទី១៨ ខែកញ្ញា ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋ។ ក្នុងដំណើរទស្សនកិច្ចនោះ លោកត្រាំ បានថ្លែងសុន្ទរកថានៅអាកាសយានដ្ឋានក្នុងទីក្រុង Bemidji ។ ចំណែកលោក បៃឌិនថ្លែងសុន្ទរកថានៅនៅទីក្រុង Duluth ។
តាមច្បាប់ ពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី២ ខែវិច្ឆិកា ពលរដ្ឋនៅក្នុងរដ្ឋ Minnesota អាចទៅបោះឆ្នោត គ្រប់ពេលវេលា។ បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរ បង្ហាញក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ៕ដោយ៖ធី រីណា