ដើម្បីការពារកងទ័ពខ្លួន សហរដ្ឋអាមេរិកបញ្ជូនគ្រឿងបរិក្ខាយោធា ទៅកាន់តំបន់ភាគឦសានស៉ីរីបន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីពង្រឹងប្រព័ន្ធការពារកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅតំបន់ភាគឦសាននៃប្រទេសស៉ីរី កាលពីថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ យោធាអាមេរិក បានអះអាងថា៖ ខ្លួនបានបញ្ជូនគ្រឿងបរិក្ខាយោធាមួយចំនួនរួមមាន៖ ប្រព័ន្ធរ៉ាដា និងរថពាសដែកទៅកាន់តំបន់នោះ។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា (US Central Command) លោក បៀល អឺប៊ែន (Bill Urban) បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនបន្ថែមនូវប្រព័ន្ធរ៉ាដា សិនធីណែល (Sentinel) និងរថពាសដែកធុន ប្រ៊ែដលី (Bradley) ព្រមទាំងបង្កើនការហោះល្បាត ដោយប្រើយន្តហោះចម្បាំងអាមេរិក ដើម្បីបង្កើនកម្លាំងកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅតំបន់សន្តិសុខ ESSA ដែលនៅភាគឦសាននៃប្រទេសស៉ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បន្ថែមថា ការចល័តបរិក្ខាយោធាខាងលើនេះ គឺជាការស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារកងកម្លាំងអាមេរិក និងកងកម្លាំងយោធាអន្តរជាតិដែលមានវត្តមាននៅតំបន់ ESSA និងធានាថា ពួកគេអាចបន្តធ្វើប្រតិបត្តិការដោយពុំមានការជ្រៀតជ្រែក ឬរំខានណាមួយឡើយ។

គួរបញ្ជាក់ថា សកម្មភាពខាងលើត្រូវគេយល់ឃើញថា ជាការឆ្លើយតបចំពោះហេតុការណ៍ប៉ះទង្គិចយានជំនិះគ្នា រវាងយោធាអាមេរិក និងយោធារុស្ស៉ី នៅឯភាគខាងជើងស៉ីរីកាលពីចុងខែសីហាកន្លងទៅ។ អាមេរិក និងរុស្ស៉ីបានបន្ទោសគ្នាទៅវិញទៅមក ខណៈហេតុការណ៍នោះ បានធ្វើឲ្យទាហានអាមេរិកយ៉ាងតិច ០៧នាក់រងរបួស៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print