ក្រុមបាតុកររាប់ពាន់នាក់នៅទីក្រុងបាងកកប្រទេសថៃបានដង្ហែរក្បួនបាតុកម្ម នៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០។ ក្រុមបាតុករបានលើកឡើងថា ពួកគាត់នឹងបញ្ជូនលិខិតទៅកាន់ព្រះមហាក្សត្រនៅសំណើររបស់ពួកគាត់។
ក្រុមបាតុករបានលើកឡើងថា ពួកគាត់ចង់ស្នើព្រះមហាក្សត្រដកតំណែងអតីតមេទ័ព និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រយុទ្ធចាន់អូចា។ ក្រុមបាតុករបានស្នើកែទម្រង់រដ្ឋធម្មនុញ្ញ និងបន្ថយអំណាចក្នុងរាជវង្ស។
ក្រុមបាតុករភាគច្រើនគឺជាយុវជន ដោយពួកគត់ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅជាដំណាងឲ្យក្រុមប្រជាធិបតេយ្យ ហើយលើកម្រាមដៃ៣ ជាសញ្ញា ដោយច្រៀងចំរៀងជាតិ។ មេដឹកនាំក្រុមបាតុករ លោក Parit “Penguin” Chiwarak បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា កន្លងមកបានដង្ហែរក្បួនទៅកាន់ទីតាំងរដ្ឋាភិបាល ប៉ុន្តែពេលនេះគឺដង្ហែរលិខិតសរសេរដោយដៃផ្ញើទៅកាន់គណៈកម្មការសម្ងាត់របស់ ព្រះមហាក្សត្រ Maha Vajiralongkorn។
មកទល់ពេលនេះ រាជវាំងថៃមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយទេ។ នៅរសៀលថ្ងៃទី១៩ខែកញ្ញា ក្រុមបាតុករបានដង្ហែរក្បួនពីមហាវិទ្យាល័យ Thammasat ទៅកាន់ Sanam Luang គឺជាទីលានវាលស្រែរបស់ព្រះមហាក្សត្រក្នុងទីក្រុងបាងកក បើទោះបីមានភ្លៀងធ្លាក់ខ្លាំងក្តី។ កម្លាំងប៉ូលិសជាច្រើនបានបញ្ជូនទៅការពារនៅតំបន់ខាងលើ។
កម្លាំងប៉ូលិសបានហាមក្រុមបាតុករ ចូលទៅជិត ដីរបស់ព្រះមហាក្សត្រ ដោយនៅចម្ងាយ១៥០ម៉ែត្រ។ តាមការលើកឡើងរបស់មេដឹកនាំក្រុមបាតុករ មានមនុស្សប្រមាណដល់ទៅ ១សែននាក់ចូលរួមធ្វើបាតុកម្មភាគច្រើនជាយុវវ័យ សិស្សនិស្សិត៕