រឿងព្រេងខ្មែរ÷រឿង បុរសបាញ់ទុង

ចែករំលែក៖

មាន​និទាន​មួយ​ដំណាល​ថា  នៅ​ស្រុក​មួយ​នោះ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​ចៅ​សោកែ ម្នាក់​ទៀត​ឈ្មោះ​ចៅ​ពាលោ ៗ ទៅ​រក​រៀន​មន្ត​អាគម​ចេះ​សព្វ​គ្រប់ ហើយ​តែង​រក​ឧបាយកល​ចំហូវ​យក​ទ្រព្យ​របស់​គេ​មក​ជា​របស់​ខ្លួន ។

ថ្ងៃ​មួយ​ចៅ​សោកែ​ចេញ​ទៅ​បាញ់​ទុង​បាន​មួយ ។ ចៅ​ពាលោ​គិត​ថា “ សោកែ​គាត់​នឹង​ឲ្យ​សាច់​ទុង​អញ​ស៊ី​ផង​ឬ​ទេ ? បើ​គាត់​មិន​ឲ្យ​សាច់​ទុង​អញ​ស៊ី​ទេ អញ​នឹង​រក​រឿង​គាត់​ឲ្យ​កើត​ជា​ក្ដី​ឡើង​បាន​ម្ដង ” ។ ឯ​ចៅ​សោកែ​ស្ល​អាំង​សាច់​ទុង​រួច​ស្រេច​ក៏​បរិភោគ​ទៅ ពុំ​បាន​ឲ្យ​ទៅ​ចៅ​ពាលោ​ឡើយ ។ ចៅ​ពាលោ​ក៏​ប្ដឹង​ទៅ​ចៅក្រម ឲ្យ​កោះ​ចៅ​សោកែ យក​ទៅ​ជំនុំ​ជម្រះ ហើយ​ចៅ​ពាលោ​ប្ដឹង​ចៅ​ក្រម​នោះ​ថា “កាល​ឪពុក​ខ្ញុំ​ព្រះបាទ​ឈឺ​ថ្កាត់​នោះ គាត់​ផ្ដាំ​នឹង​ខ្ញុំ​ព្រះ​បាទ​ថា “បើ​គាត់​ស្លាប់​ទៅ​នឹង​ទៅ​យក​កំណើត​ជា​សត្វ​ទុង ដោយ​ជួរ​ចំបួរ​មេបា​រៀង ៗ មក សឹង​ស្លាប់​ទៅ​កើត​ជា​ទុង​ទាំង​អស់ បើ​មាន​អ្នក​ណា​មួយ​ទៅ​បាញ់​ទុង ឲ្យ​ប្ដឹង​ចៅក្រម​ឲ្យ​ចាប់​យក​ទៅ​ជំនុំ​ពិចារណា​លក់​ពិន័យ តាម​ដោយ​នូវ​ច្បាប់​ស្លាប់​គេ ឥឡូវ​នេះ ចៅ​សោកែ​សម្លាប់​ឪពុក​ខ្ញុំ​ស៊ី ហេតុ​នេះ​សូម​ព្រះបាទ​ម្ចាស់​កាត់​សេចក្ដី​ឲ្យ​ទាន​ខ្ញុំ​ព្រះបាទ​ហោង ” ។

ឯ​ចៅ​សោកែ​ឆ្លើយ​ដោះ​សារ​ថា “ឪពុក​ម្ដាយ​ខ្ញុំ​ប្រាប់​រៀង ៗ​មក​ថា “ មេ​បា​ជីដូន​ជីតា​ឪពុក​ម្ដាយ អម្បាល​ដែល​ស្លាប់​ទៅ​សឹង​យក​កំណើត​ជា​ត្រី ហើយ​ផ្ដាំ​ថា បើ​មាន​សារពើ​សត្វ​អ្វី​ទៅ​សម្លាប់​សត្វ​ត្រី​ស៊ី ឲ្យ​ខ្ញុំប្របាទ​បាញ់​សម្លាប់​សត្វ​អស់​នោះ​ស៊ី​វិញ បើ​សត្វ​អស់​នោះ​មាន​កូន​ចៅ​ផៅពង្ស​នៅ​ជា​មនុស្ស ឲ្យ​ប្ដឹង​ចៅក្រម​ឲ្យ​ចាប់​យក​មក​ជំនុំ​ជម្រះ​លក់​ពិន័យ​កូន​ចៅ​ផៅពង្ស​អស់​នោះ ឥឡូវ​នេះ ហ្វូង​ទង់​នាំ​គ្នា​ទៅ​ប្លន់​ចាប់​ត្រី​ជា​ជីដូន​ជីតា​ឪពុក​ម្ដាយ​ខ្ញុំប្របាទ​ស៊ី ទើប​ខ្ញុំប្របាទ​បាញ់​ទុង​អស់​នោះ, ឥឡូវ​បើ​ចៅ​ពាលោ​ថា​ទុង​នោះ​ជា​ឪពុក​គេ​ដូច្នេះ សូម​អស់​លោក​ជា​ចៅ​ក្រម​ជំនុំ​ជម្រះ ពិចារណា​សេចក្ដី​នេះ​ឲ្យ​ទាន​ខ្ញុំប្របាទ​ចុះ ” ។

ចៅក្រម​ជំនុំ​ពិចារណា​សេចក្ដី​នេះ​មិន​ដាច់​ស្រេច ទើប​នាំ​ចៅ​ទាំង ២ នាក់ ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​តាម​ដំណើរ​សេចក្ដី​នោះ​សព្វ​គ្រប់​ប្រការ ។ ចៅ​ពាលោ​ឃើញ​ថា​ក្ដី​របស់​ខ្លួន​ចាញ់​ប្រៀប​ក្ដី​របស់​ចៅ​សោកែ ទើប​និយាយ​ដោះសា​ខ្លួន​ថា “ ចៅ​សោកែ​ពុំ​បាន​បាញ់​ទុង​នៅ​អាយ​ឡើយ​បាញ់​ទុង​ពី​នាយ​ទេ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប្រកាន់​ត្រង់​នេះ​ឯង ” ។

ព្រះ​មហាក្សត្រ មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ទៅ​ចៅ​ពាលោ​ថា “ ឯ​ទុង​ឪពុក​ចៅ​នៅ​ឯ​អាយ​ស៊ី​អ្វី ស៊ី​ក្ដាម​ខ្យង​ឬ​ស៊ី​ត្រី ? ” ។ ចៅ​ពាលោ​ក្រាប​ទូល​ថា “ ស៊ី​ត្រី ” ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា “ បើ​ដូច្នេះ​ទុង​ជា​ឪពុក​ឯង​ចាប់​ត្រី​ជា​ឪពុក​ចៅ​សោកែ​ស៊ី ដូច​ពាក្យ​ចៅ​សោកែ​មែន ” ហើយ​ទ្រង់​បង្គាប់​ឲ្យ​ចៅ​ពាលោ​ទៅ​ជា​ខ្ញុំ​ចៅ​សោកែ ។ ចៅ​ទាំង ២ ក៏​សុខ​ចិត្ត​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ត្រលប់​ទៅ​កាន់​លំនៅ​អាត្មា​វិញ​ហោង ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print