ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជំរុញមន្ដ្រីក្រោមឱវាទ ក្នុងការរៀបចំការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីសម្រួចសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការថ្លែងបែបនេះក្រោយពេលសហព័ន្ធបានសម្រេចបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិ នៅក្នុងមហាសន្និបាតវិសាមញ្ញ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី២១ ខែកញ្ញា។
លោកប្រធានសហព័ន្ធ បានជំរុញក្រុមការងារថ្មីរបស់សហព័ន្ធខាងលើ ត្រូវរៀបចំការប្រកួតទាំងមហាជន និងអាជីព រៀបចំកម្មវិធីហ្វឹកហាត់ វគ្គបណ្ដុះបណ្ដាល ដើម្បីសម្រាំងរកអ្នកមានសមត្ថភាព និងទេពកោសល្យក្នុងកីឡាបាញ់កាំភ្លើង។ បន្ទាប់មកត្រូវមានរៀបចំការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកម្រិតខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិ។ លើសពីនេះក៏ត្រូវធ្វើការជាមួយស្ថាប័ន NOCC ដើម្បីទទួលបាននូវយន្ដការក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានវាយតម្លៃជាវិជ្ជមាន ចំពោះផែនការរបស់សហព័ន្ធ តែលោកបានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីសហព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាព ពិសេសគឺការត្រូវរៀបចំ SEA Games Team ឬក្រុមសម្រាប់ត្រៀមស៊ីហ្គេម ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ពិសេស ទាំងក្នុងស្រុក និងក្រៅស្រុក ក្រោមការបង្ហាត់របស់គ្រូជំនាញកម្រិតខ្ពស់ ក៏ដូចជាធ្វើការជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីពង្រឹងលទ្ធភាពចូលរួមព្រឹត្តិការណ៍អន្ដរជាតិ ពិសេសស៊ីហ្គេមតែម្ដង៕ដោយ៖ សិលា