ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដើម្បី ការពារបរិស្ថានតំបន់ឆ្នេរ អប់អរសាទរ ទិវាសិទ្ធិនារី ៨មិនា និងស្វែងរកមូលនិធិមនុស្សធម៌លើកទី៥រៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុម ហ៊ុន Cambodian Events Organizer និងឧបត្ថម្ភធំដោយក្រុមហ៊ុន សាបៀរអង្គរ គិតត្រឹមថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ ទើបទទួលបានអ្នកចុះឈ្មោះជាង៣០០នាក់ប៉ុណ្ណោះ ។
លោក សែម ផល្លាហ៊ុន Cambodian Events Organizer និងជា សមាជិក គណៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ បានអំពាវនាវ ដល់សាធារណជន នៅទូទាំងខេត្តព្រះសីហនុ ដូចជាយុវជន សិស្សានុសិស្ស ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បើមានបំណងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងដើម្បីមូលនិធិមនុស្សធម៌ ដើម្បីអប់អរសាទរ ទិវាបុណ្យសិទ្ធិនារី៨មិនា និងរត់ដើម្បីការពារបរិស្ថានធម្មជាតិ តំបន់ឆ្នេរអូឈើទាល ឲ្យបានច្រើនកុះករ។
លោកបានបន្តទៀតថា ឆ្នាំ២០១៦នេះ គណៈកម្មការគ្រោងធ្វើនាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិនា ឆ្នាំ២០១៦ ខាងមុខដូច្នេះមហាជនគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់ចូលរួមរត់ប្រណាំងនេះសូមមកចុះឈ្មោះឲ្យបានគ្រប់គ្នានិងច្រើនកុះករជាងបណ្តាឆ្នាំមុនៗ ទៀតពីព្រោះព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ និងការពារបរិស្ថាននៅតំបន់ឆ្នេរអូរឈើទាលមួយនេះអាចជោគជ័យទៅលុះត្រាតែមានការចូលរួមមហាជនគ្រប់មជ្ឈដ្ឋាន។
សមាជិកគណៈកម្មការ រៀបចំការប្រកួតរូបនេះបន្តទៀតថា“ខ្ញុំស្នើរសុំដល់កីឡាករ កីឡាការិនី មហាជន យុវវ័យសិស្សានុសិស្សនៅតាមសាលានានាក្នុងក្រុងព្រះសីហនុទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ” ចូលរួមផ្តល់ការគាំទ្រតាមរយៈការចុះឈ្មោះឲ្យបានច្រើនកុះករ និងទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណៈកម្មការរៀបចំការប្រកួតត្រៀមលក្ខណៈបានកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០១៦។
លោកសែម ផល្លាបានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃចន្ទកន្លងទៅយើងទើបទទួលបានអ្នកចុះឈ្មោះជាង៣០០នាក់ប៉ុណ្ណោះ ខណៈដែលព្រឹត្តិការណ៍មួយនេះ កាលពីឆ្នាំ២០១៥អាចទាក់ទាញអ្នកចូលរួមប្រមាណ១២០០នាក់។ទោះយ៉ាងនេះក្តីលោកនៅតែរំពឹងថា កីឡាករ កីឡាការិនី ឆ្នាំ២០១៦អាចមានចំនួនប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរ។
លោកអះអាងថា មហាជននានាដែលមានបំណងចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ អាចចុះឈ្មោះបានតែ១ទីតាំងប៉ុណ្ណោះ គឺការិយាល័យផ្ទះលេខ៧៩C ផ្លូវ១៥៥ កែងផ្លូវ៤៧៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ០២៣ ២១៣ ៥២៥។
រីឯវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្របុរស-នារី, ១០គីឡូម៉ែត្របុរស-នារី និងរត់កម្សាន្តលក្ខណៈគ្រួសារ ចម្ងាយ៣គីឡូម៉ែត្រមិនប្រកាន់វ័យ៕
ដោយ៖ សារីម