ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្ទុបបាគូ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ២២ឆ្នាំ មុខរបប លក់ស្រាក្រឡុក ស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មករា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅភូមិដូនវង់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បេីតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ រូបនាងបានជិះម៉ូតូម៉ាក HONDA Beat ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX- 6673 តែម្នាក់ឯងចេញពីផ្ទះគោលបំណង ទៅកន្លែងផ្ញេីលុយ ដេីម្បីផ្ញេីលុយទៅអ្នកផ្ទះឯងស្រុក ។ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យខាងលេីជិះម៉ូតូមួយគ្រឿងម៉ាក Honda សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AD-7579 តែម្នាក់ឯង រួចធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាងបានសម្រេច ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗ ធ្វេីឲ្យផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងជិះល្បាត បានចាប់ខ្លួនជនសង្ស័យខាងលេីភ្លាមៗតែម្ដង ។
ក្នុងករណីនេះ សមត្ថកិច្ចបានចាប់យកម៉ូតូ១គ្រឿងរបស់ជនសង្ស័យ និងទូរសព្ទ័ដៃមួយគ្រឿង លុយ៨០$របស់នារីរងគ្រោះ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលេីបានហេីយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដេីម្បីធ្វេីពាក្យបណ្ដឹង និងប្រគល់ទូរស័ព្ទ ព្រមទាំងលុយ៨០$នៅក្នុងស្រោមទូរស័ព្ទឲ្យទៅនារីរងគ្រោះវិញ និងធ្វេីការសាកសួរទៅលេីជនសង្ស័យដេីម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ