ខេត្តពោធិ៍សាត់ ៖ មានការការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធផងដែរ ខណៈដែលស្រ្តីម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងផ្ទះ ដោយដាក់គន្លឹះទ្វារផ្ទះជាប់ទាំងខាងមុខ និងខាងក្រោយ ។
ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះកំពុងសាងសង់(របស់ជនរងគ្រោះ)ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៀក ស្រីដា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានចងកដោយយកខ្សែគោ
ពណ៌សចងភ្ជាប់ទៅនឹងឈើចន្ទល់លើទ្វារក្នុងផ្ទះ ទ្វារមុខក្រោយដាក់គន្លឹះពីក្នុងជាប់(ផ្ទះកំពុងសាងសង់) ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ដែលអាចសន្និដ្ឋានបានថាមានវិបត្តិក្នុងគ្រួសារ ខណៈគេដឹងថាប្ដីរបស់នាងបាននាំកូនស្រីតូចៗចំនួន២នាក់ចាកចេញពីផ្ទះទៅបាត់ដោយគ្មានដំណឹង តាំងពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដោយគ្មាននរណាដឹងអំពីមូលហេតុអ្វីនោះទេ ៕ ដោយៈ បុឹម ពិន