គណៈកម្មការឃោសនាបោះឆ្នោត របស់បេក្ខភាពចូ បៃឌិន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលលោកត្រាំប្រកាសស្តីពីការផ្ទេរអំណាចដោយសន្តិភាព។
តាមសារព័ត៌មាន CNN និង CNBC ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែកញ្ញា បានប្រកាសថា លោកមិនសន្យាផ្ទេរអំណាចដោយសន្តិភាព ក្រោយការបោះឆ្នោតនោះទេ។ សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចលោកត្រាំមិនព្រមចុះចេញពីអំណាចក្រោយចាញ់ឆ្នោត ក្នុងការបោះឆ្នោនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអ្នកសារព័ត៌មានបានសួរលោកត្រាំថា តើលោកនឹងផ្ទេរអំណាចដោយសន្តិភាពតាមមូលដ្ឋានគ្រិះនៃលទ្ធិប្រជាធិបតេយ្យឬទេ? លោកត្រាំបានលើកឡើងថា «យើងនឹងត្រូវរង់ចាំមើលថារឿងអ្វីនឹងកើតឡើង»។
កាលពីខែមុន លោកត្រាំ បានបដិសេធឆ្លើយសំណួរពីក្រុមអ្នកសារព័ត៌មានថា តើលោកទទួលស្គាល់លទ្ធផលបោះឆ្នោត ដែរឬទេ ប្រសិនបើលោកចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកា។ លោកត្រាំ ធ្លាប់បានលើកឡើងថា លោកអាចនឹងបន្តកាន់អំណាចបន្ថែម១អាណត្តិទៀត តាមរដ្ឋធម្មនុញ្ញរបស់អាមេរិក ។
លោកត្រាំ មិនបានធានាដល់ដំណើរការផ្លាស់ប្តូរអំណាចដោយសន្តិភាពនោះឡើយដែលជាហេតុបង្កឲ្យគណបក្សប្រជាធិបតេយ្យបារម្ភយ៉ាងខ្លាំង។ សកម្មភាពនោះនឹងប៉ះពាល់ដល់បិតាប្រជាធិបតេយ្យលើពិភពលោក៕