មន្ត្រីទីក្រុងសេអ៊ូល ជឿជាក់ថា កម្លាំងទាហានកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង ដោយសារតែទាហានកូរ៉េខាងជើងទទួលបានការអនុញ្ញាតឲ្យបាញ់សម្លាប់អ្នកដែលចូលព្រំដែនខុសច្បាប់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដូចជា Yonhap និង KBS បានផ្សាយថា កម្លាំងទាហានកូរ៉េខាងជើងអាចបាញ់សម្លាប់មន្ត្រីស្ថិតនៅក្រសួងដែនសមុទ្រនិងនេសាទកូរ៉េខាងត្បូង នៅតំបន់ព្រំដែនសមុទ្រប្រទេសទាំងពីរ។
តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកិច្ចដែលបានឲ្យដឹងថា សាកសពមន្ត្រីខាងលើ ត្រូវបានបូជារួចហើយ។ តាមប្រភពព័ត៌មានខាងលើ មន្ត្រីកូរ៉េខាងត្បូងជឿងជាក់ថា ទាហានកូរ៉េខាងជើង បានបាញ់សម្លាប់អ្នកដែលចូលព្រំដែនខុសច្បាប់តាមច្បាប់ទប់ស្កាត់ ការឆ្លងកូវីដ-១៩។
កន្លងមក ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសពីការបាត់ខ្លួនមនុស្សគ្រប់គ្រងដែនសមុទ្រនិងនេសាទ ពេលកំពុងបំពេញការងារនៅដែនសមុទ្រជិតកោះSoyeonpyeong កាលពីថ្ងៃទី២១ខែកញ្ញា។ មន្ត្រីការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា មន្ត្រីដែលបាត់ខ្លួនគឺស្ថិតនៅដែនសមុទ្រកូរ៉េខាងជើង។នៅពេលនេះក្រុមជំនាញក៏បានស្រាវជ្រាវថា តើមន្ត្រីខាងលើបានព្យាយាមភៀសខ្លួនទៅកាន់កូរ៉េខាងជើងដែរឬទេ។
នៅពេលនេះដែរ ទីក្រុងសេអ៊ូលបានព្យាយាមទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងដើម្បីបញ្ជាក់ព័ត៌មានខាងលើឲ្យបានច្បាស់៕