​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ ​នៅ​ទូទាំង​ខេត្តមាន​ក្រុមហ៊ុន​វិនិយោគទុន​បាន​មក ​បន្ត​បើក​រោងចក្រ​សហគ្រាស​បន្ថែម​ចំនួន​២១​កន្លែង 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក អ៊ូ សា​ខឿន ​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង  បាន​ឲ្យ​ដឹង​ថា ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ ​រយៈពេល​៩​ខែ​ ឆ្នាំ​២០២០​នេះ ​នៅ​ទូទាំង​ខេត្តមាន​ក្រុមហ៊ុន​វិនិយោគទុន​បាន​ចូល​មក ​និង​បន្ត​បើក​រោងចក្រ​សហគ្រាស​បន្ថែម​ចំនួន​២១​កន្លែង គឺនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​៨​កន្លែង ដែល​កំពុង​ដំណើរការ​ផលិត​ផលិតផល​នាំចេញ ​មាន​កម្មករកម្មការិនី ចូល​បម្រើ​ការងារ​ចំនួន​ជាង​១​ពាន់​នាក់។​
លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​បើក​រោងចក្រ​សហគ្រាស​ថ្មី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំង​៨ ស្រប​ពេលដែល​ប្រទេស​កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​មួយ​រយៈ​នេះ នៅ​ខេត្ត​ស្វាយរៀង មាន​រោងចក្រ​សហគ្រាស​ចំនួន​តែ​៧​កន្លែងទេដែលត្រូវបាន​ថៅកែ​ធ្វើកា​រ​បិទទ្វារ​ឈប់ផលិត​ទាំងស្រុង ដោយ​សារគ្មាន​ទីផ្សារ​សម្រាប់​លក់​ផលិតផល បន្ទាប់​ពី​ក្រុម​កម្មករ​ផលិត​ទំនិញ​រួចរាល់។​

លោក​ប្រធាន​មន្ទីរ​ បាន​បន្ថែម​ថា បើទោះជា​កម្ពុជា ជាពិសេស​ពលរដ្ឋ​ខេត្ត​ស្វាយរៀង បាន​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​មួយ​រយៈ​កន្លង​ទៅ​នេះ​ក្តី ក៏​កម្មករ កម្មការិនី និង​និយោជិត​ទាំង​ជាង​៦​ម៉ឺន​នាក់ បាន​បន្ត​ការងារ​របស់​គាត់​នៅ​តាម​រោងចក្រ​សហគ្រាស ដោយ​គោរព ​និង​ប្រតិបត្តិការលាង​សម្អាតដៃ និង​ពាក់​ម៉ាស់​ការពារ​ផ្លូវ​ដង្ហើម​បាន​ល្អដែរ ​ក្រោមការ​ឃ្លាំមើល​ពី​ថៅកែ និង​រដ្ឋបាល​រោង​ចក្រ​សហគ្រាស​និីមួយៗ​ ដែល​បាននិងកំពុង​ដំណើរកា​រ​ផលិត​ទំនិញ​សម្រាប់​នាំចេញ​។​

ទោះ​បី​ជា​ពិភពលោក​រង​នូវ​ជំងឺ​កូ​វីដ​-១៩ តែ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​នៅ​ខេត្តស្វាយ​រៀង ក្នុង​រយៈពេល​៩​ខែឆ្នាំ​២០២០​នេះ ​ក្រុមហ៊ុន​វិនិយោគ បាន​បន្ត​បើក​ចំនួន​២១​កន្លែង​បន្ថែម​ទៀត ក្នុងខណៈ​ដែល​រោងចក្រ​សហគ្រាស​ចំនួន​តែ​៧​កន្លែងប៉ុណ្ណោះ ត្រូវ​បាន​បិទទ្វារ​ផលិត​ ដោយ​គ្មាន​អ្នកបញ្ជា​ទិញ​។​

សូម​បញ្ជាក់​ថា ​ស្វាយរៀងជា​ខេត្ត​ដែល​រាជរដ្ឋាភិបាលបាន​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ឆ្នាំ​២០០៥។ រហូតមកដល់​ពេលនេះ​ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨​តំបន់​ កំពុង​ដំណើរ​ការ​ផលិត​ទំនិញ។

​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​តំបន់ បើទោះជា​មាន​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពិភពលោកក្តី ក៏ខ្សែចង្វាក់​ផលិតកម្ម​របស់​កម្មករទាំង​ជាង​៦​ម៉ឺន​នាក់ ​ដែល​កំពុង​ប្រតិបត្តិ​ការងារ​ជំនាញ​របស់​ពួកគេ​នៅ​ស្វាយរៀងបាន​បន្ត​ដដែល ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print