ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិKelly Craft បានប្រកាសឲ្យដឹងថា និឹងមានប្រទេសនៅតំបន់អារ៉ាប់ផ្សេងទៀត បង្កើនទំនាក់ទំនងល្អប្រសើរជាមួយអុីស្រាអែលក្នុងពេលដ៏ខ្លីខាងមុខ។
សារព័ត៌មានAl Arabiya បានដកស្រង់សម្តីមន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិដែលបានឲ្យដឹងថា «គម្រោងរបស់យើង គឺធ្វើយ៉ាងណាឲ្យមានប្រទេសជាច្រើនបង្កើនទំនាក់ទំនងជាមួយ ប្រទេសអុីស្រាអែល ។
ឯកអគ្គរដ្ឋទូត Kelly Craft មិនបានលើកឡើងថាតើប្រទេសណានឹងបន្តបង្កើនទំនាក់ទំនងជាមួយប្រទេសអុីស្រាអែលនោះឡើយ។ ប៉ុន្តែមានការសន្និដ្ឋានថា អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសបន្ទាប់។
នៅក្នុងពិធីចុះហត្ថលេខានៅសេតវិមានកាលពីពេលកន្លងមកក្រោមអធិបតីភាពរបស់លោកត្រាំ ដែលមានប្រទេស អារ៉ាប់រួម (UAE) និង Bahrain បានចុះហត្ថលេខាជាមួយអុីស្រាអែលធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើង។ កន្លងមក ក៏មានប្រទេសអេហ្ស៊ីប និងហ្ស៊កដង់បានចុះហត្ថលេខាបង្កើតទំនាក់ទំនងការទូតជាមួយអុីស្រាអែលដែរ។
ឯកអគ្គរដ្ឋទូត Kelly Craft បានឲ្យដឹងថា គោលដៅនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការបរទេសរវាងបណ្តាប្រទេស អារ៉ាប់នឹងអុីស្រាអែល គឺដើម្បីទប់ស្កាត់អុីរ៉ង់ពង្រីកអំណាចនិងឥទ្ធិពល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់៕ដោយ៖ធី រីណា