ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចដីរបស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោមការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។
ការបង្ក្រាបនេះសមត្ថកិច្ចបានឲ្យដឹងថា ៖ ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ រួមមាន៖
ទី១-មានឈ្មោះ មុន ថៃ អាយុ ២១ឆ្នាំ, ទី២-ឈ្មោះ គុណ គង់ អាយុ ២១ឆ្នាំ, ទី៣-ឈ្មោះ សៀវ ឆៃ អាយុ ១៥ឆ្នាំ និងទី៤-ឈ្មោះ សៀវ វុទ្ធ អាយុ ២៥ឆ្នាំ ទាំង៤នាក់មានទីលំនៅនៅភូមិ ទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា៖ ក្រោយពីឃាត់ខ្លួនធ្វើតេសទឹកនោម ឃើញថាជនសង្ស័យ ទាំង៤នាក់មានសារធាតុញៀន។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ផ្លែកាត់តម្រឹមស្មៅចំនួន ០១ផ្លែ, ស៊ាំរៃ ០១ដើម, កាំបិតខ្វែវ ០២ដើម, កាំបិត ០៤ដើម និងម៉ូតូម៉ាកវេវពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 1C-0345។
បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តប៉ៃលិនដើម្បីបន្តនីតិវិធី។
ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ កម្លាំងប្រដាប់អាវុធ និងស្ថាប័នតុលាការ បង្ក្រាបបទល្មើសដែលកើតមានក្នុងមូលដ្ឋាន បានទាន់ពេលវេលា ៕
ដោយ៖ សិលា