ជនសង្ស័យមិនស្គាល់មុខលួចរថយន្តស៊េរីទំនើបមួយគ្រឿងយកមកកែច្នៃ តែត្រូវម្ចាស់រថយន្តតាមទាន់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់មុខបានលួចយករថយន្តបងប្អូនប្រជាពលរដ្ឋ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប រួចដោះស្លាកលេខ និងយកមកកែច្នៃនៅការាសរថយន្តមួយកន្លែង តែត្រូវបានម្ចាស់រថយន្តតាមទាន់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។

តាមសម្តីរបស់ស្ត្រីម្នាក់ដែលត្រូវជាបងម្ចាស់រថយន្តបានឱ្យដឹងថា មុនថ្ងៃកើតហេតុ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ប្អូនរបស់គាត់ជាកីឡាករ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡុិចសុីស RX-350 ពណ៌ស មិនបញ្ជាក់ស្លាកលេខ ដើម្បីទៅប្រកួតនៅខេត្តសៀមរាប ខណៈទៅដល់ខេត្តសៀមរាប ក៏យប់បាត់ទៅហើយ រួចរូបគេបានបើករថយន្តទៅសម្រាកនៅក្នុងអូតែលមួយកន្លែងនៅក្នុងខេត្តសៀមរាប លុះដល់វេលាម៉ោងជាង១២រំលងអធ្រាត្រ ក៏មានជនសង្ស័យមិនស្គាល់មុខពីរនាក់ បានមកធ្វើសកម្មភាពលួចយករថយន្ត ដោយម្នាក់ធ្វើជានិយាយលេងជាមួយសន្តិសុខនៅអូតែល ចំណែកម្នាក់ទៀតចូលលួចរថយន្តរបស់គាត់ចេញទៅបាត់ ។ លុះព្រឹកឡើងម្ចាស់រថយន្តចុះមកពីអូតែលក៏រករថយន្តមិនឃើញ រួចក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពនៅអូតែល តែនៅកន្លែងដែលជនសង្ស័យធ្វើសកម្មភាពលួចរថយន្តរបស់គាត់គឺអត់មានកាមេរ៉ាសុវត្ថិភាពនោះទេ ទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅខេត្តសៀមរាបតែម្តង។

បងស្រីរបស់ម្ចាស់រថយន្តដែលជាកីឡាករ បានបញ្ជាក់បន្ថែមទៀតថា រហូតមកដល់រសៀល ថ្ងៃទី២៥ ខែកញ្ញា
ឆ្នាំ២០២០ ម្ចាស់ការាសរថយន្តដែលជាមិត្តភកិ្ករបស់ម្ចាស់រថយន្ត បានឃើញជនសង្ស័យម្នាក់បានយករថយន្តមួយគ្រឿងសង្ស័យថាជារថយន្តរបស់មិត្តគាត់ យកមកប្តូរពណ៌ នៅការាសរបស់ខ្លួន នៅតាមបណ្តោយផ្លូវ១០៥R ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឧស្សីកែវ រាជធានីភ្នំពេញ ដោយម្ចាស់ការាស មានការសង្ស័យខ្លាំង ក៏បានខលទៅមិត្តដែលជាម្ចាស់រថយន្តដែលបានបាត់នៅសៀមរាប ឱ្យមកមើល ។ ខណៈពេលម្ចាស់មកដល់ការាស ក៏បានឃើញពិតជារថយន្តរបស់គាត់មែន ហើយជនសង្ស័យក៏ដឹងខ្លួនបានបើករថយន្តដែលលួចបានព្យាយាមបើករត់ តែត្រូវបានម្ចាស់រថយន្តយករថយន្តមួយគ្រឿងទៀតឃាំងពីមុខក៏បុកគ្នាបន្តិចបន្តួច ជនសង្ស័យក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៏បានមកដល់ចំណុចទីតាំងកើតហេតុ ដើម្បីបង្រ្កាបតែជនសង្ស័យរត់គេចខ្លួនបាត់ទៅហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចនិឹង តាមស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែករថយន្តត្រូវបានម្ចាស់យកទៅវិញផងដែរ៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print