រាជរដ្ឋាភិបាលកម្ពុជា ខិតខំរៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងការធានាបាននូវសន្តិសុខ និងភាពងាយស្រួលដល់អ្នកវិនិយោគអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីធានាឲ្យបាននូវសន្តិសុខសង្គម ដែលជាកត្តាសំខាន់សម្រាប់ទាក់ទាញការវិនិយោគមកពីបរទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរួមចំណែករក្សានូវលំនឹងសេដ្ឋកិច្ចបានល្អប្រសើរក្រោយជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក នាជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឆ្លៀតក្នុងកិច្ចពិភាក្សានោះ សម្ដេចក្រឡាហោម បានសំដែងនូវការគាំទ្រចំពោះវត្តមាន និងបំណងក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិក ដែលមានបំណងពង្រីកនូវវិសាលភាពការវិនិយោគនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងយន្ត និងសេវាកម្ម ហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃបាននិងកំពុងខិតខំ ប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ក៏ដូចជាដាក់ចេញនូវយន្តការអនុវត្តជាក់ស្តែង ជាពិសេសគឺយន្តការពង្រឹងការអនុវត្តច្បាប់ ដើម្បីធ្វើយ៉ាងណាធានាការធ្វើឱ្យប្រសើរនូវសន្តិសុខដែលជាកត្តាគន្លឹះបង្កលក្ខណៈ និងលក្ខខណ្ឌអំណោយផល សម្រាប់ការទាក់ទាញការវិនិយោគមកពីបរទេសរួមទាំងសហរដ្ឋអាមេរិចផងដែរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសគឺ ដើម្បីរួមចំណែករក្សានូវលំនឹងសេដ្ឋកិច្ចបានល្អប្រសើរក្រោយជំងឺរាតត្បាតកូវីដ១៩។

ក្នុងនោះផងដែរ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ជាមួយនិងអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការរួមចំណែកផ្ដល់ជាធាតុចូលក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ ក៏ដូចជាពង្រឹងនូវការងារមួយចំនួន រួមមានកិច្ចការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយផងដែរ ហើយសម្តេចបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូល្អប្រសើរនេះជាបន្តទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print