អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។
លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅប្រទេសបារាំង រដ្ឋាភិបាលបានចាត់វិធានការដើម្បីត្រួតពិនិត្យការរីករាលដាលនៃជំងឺកូវីដ-១៩ដែលបានសម្លាប់មនុស្សជាង៣១.៥០០នាក់នៅក្នុងប្រទេស”។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Veran បាននិយាយកាលពីថ្ងៃពុធថា ការដាក់កម្រិតថ្មីនៃប្រជាជនចំនួន១.០០០ នាក់នឹងត្រូវដាក់ចាប់ពីថ្ងៃសៅរ៍នៅឯព្រឹត្តិការណ៍ធំៗនៅក្នុងតំបន់ជាច្រើនចំពេលមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅទីក្រុងប៉ារីស។ប៉ុន្តែការពិភាក្សារវាងរដ្ឋាភិបាលនិងអ្នករៀបចំកម្មវិធី Grand Slam កំពុងបន្តថា តើគោលការណ៍នេះនឹងជះឥទ្ធិពលដល់តំបន់នៅ Roland Garrosដែលបានគ្រោងទុកចាប់ពីថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១១ ខែតុលាដែរឬទេ?
កាលពីដើមខែកញ្ញានេះសហព័ន្ធកីឡាវាយតឺន្នីសបារាំងបានគ្រោងទុកសម្រាប់អ្នកទស្សនាចំនួន១១.៥០០នាក់ដែលបានផ្សព្វផ្សាយនៅលើតំបន់៣នៅឯ Roland Garros ប៉ុន្តែវាបានកាត់បន្ថយចំនួនមកត្រឹម៥០០០នាក់នៅថ្ងៃទី១៧ ខែកញ្ញាតាមតម្រូវការរបស់មន្រ្តីរដ្ឋាភិបាលហើយឥឡូវនេះចំនួននេះត្រូវបានកាត់បន្ថយម្តងទៀតដល់ចំនួន១០០០នាក់។ ទន្ទឹមនឹងនេះការចាប់រង្វាន់ប្រកួតឯកត្តជនបុរស និងនារីក៏ត្រូវបានបញ្ចប់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកីឡាករ Rafael Nadal និង Novak Djokovic ត្រូវបានគេផ្គូរផ្គងសម្រាប់ប៉ះគ្នានៅពាក់កណ្តាលតង់។
ម្ចាស់ជើងឯក French Open ១២សម័យកាល Nadal ដែលកំពុងឈានទៅរកពានរង្វាន់ Grand Slam លើកទី២០នឹងត្រូវប្រកួតជាមួយកីឡាករលំដាប់លេខ៨៣ Egor Gerasimov របស់បេឡារូសក្នុងជុំទី១ ។
ម្ចាស់ជើងឯក US Open ដែលទើបនឹងទទួលបានពានរង្វាន់ថ្មីៗលោក Dominic Thiem ដែលបានចាញ់ការប្រកួតវិលជុំចុងក្រោយជាមួយកីឡាករ Nadal នៅវគ្គផ្តាច់ព្រ័ត្រត្រូវបានគេចាប់យកទៅលេងនៅពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកកីឡាករ Djokovic នឹងចាប់ផ្តើមយុទ្ធនាការរបស់លោកដោយប៉ះកីឡាករ Mikael Ymer របស់ស៊ុយអែត។
នៅក្នុងវិញ្ញាសាឯកត្តជននារីវិញ កីឡាការិនី Serena Williams នឹងជួបជាមួយមិត្តរួមជាតិអាមេរិក Kristie Ahn ដែលនាងធ្លាប់លេងជាមួយក្នុងកម្មវិធី US Open ជុំដំបូងកាលពីដើមខែនេះ។ កីឡាការិនី Simona Halepរបស់រូម៉ានីដែលជាអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០១៨ ដែលបានទៅដល់ទីក្រុងប៉ារីសជាមួយនឹងជ័យជម្នះរបស់នាងនៅក្នុងព្រឹត្តិការណ៍ Italian Open នៅសប្តាហ៍នេះនឹងស្វែងរកការប្រកួតដណ្តើមពានរង្វាន់ Grand Slam ជាលើកទី៣ ដោយត្រូវតតាំងជាមួយកីឡាការិនីសញ្ជាតិអេស្ប៉ាញ Sor Soreses Tormo ៕ដោយ៖ភារៈ