អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់៖ មាតាបិតា កុំបន្ទោសកូនរពឹស សំខាន់គិតពីអនាគតគាត់វិញ នោះជាកាតព្វកិច្ច

ចែករំលែក៖

ខេត្តសៀមរាប៖ ក្នុងដំណើរចុះចែកអំណោយកាកបាទក្រហម លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបន្ទាយស្រី ខេត្តសៀមរាប បានបញ្ចេញគំនិតថា៖ ក្មេងប្រុសអាយុ៣ឆ្នាំ រើសកណ្តបស្បូវដែលបាក់ធ្លាក់ពីលើដំបូលយកមកដុតលេង បណ្តាលឱ្យភ្លើងឆេះផ្ទះ។ តើជាកំហុសអ្នកណា?

លោកលើកឡើងថា៖ រឿងដ៏គួរឱ្យអកុសលមួយនេះបានកើតទៅលើក្រុមគ្រួសារក្រីក្រមួយនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម កាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យគ្រួសារទាំងមូលត្រូវជួបការលំបាក បាត់បង់ទីជម្រកហាលភ្លៀងហាលខ្យល់ទាំងកណ្តាលរដូវវស្សា ដោយសារតែការធ្វេសប្រហែសត្រឹមតែមួយប៉ប្រិចភ្នែក។ ប៉ុន្តែហេតុអ្វី?

ហេតុអ្វីបានជាបណ្តោយឱ្យក្មេងប៉ុននេះលេងភ្លើង? ហេតុអ្វីបានជាគ្មានមនុស្សចាស់នៅមើល? ពេលខ្ញុំសួរ ជីដូនរបស់ក្មេងនេះបានប្រាប់មកខ្ញុំថា”វារពឹសណាស់!” ហើយក៏បានបើកអាវបង្ហាញពីស្លាកស្នាមរបួសចាស់នៅនឹងករបស់ក្មេងតូចម្នាក់នេះ រួចនិយាយថា”វារពឹសតាំងពីតូច មើលកវាជាប់[ស្នាមផ្លែ]ងាកអត់បានឆ្ងាយទេ ដោយសារតែរត់លេងដួលលើបំពង់សុីមាំងម៉ូតូរលាកតាំងពីអាយុជាងមួយឆ្នាំ”។ នៅពេលដែលខ្ញុំសួររកឳពុកម្តាយរបស់ក្មេង គាត់បានត្រឹមឆ្លើយថា”ម៉ែឳវាលែងលះគ្នា ហើយម៉ែវាយកមកទុកឱ្យខ្ញុំមើល!” ហើយខ្ញុំក៏សួរបន្តទៀតថាបានឱ្យគាត់ចូលរៀនហើយឬនៅ ជីដូនគាត់គ្រវីក្បាលរួចនិយាយថា”វាមិនទាន់មានសំបុត្រកំណើតផង….”។ ឱក្មួយប្រុសដ៏តូចអើយ! ជីវិតក្មួយនឹងត្រូវជួបរឿងអ្វីទៀត?

មានពេលខ្លះ កាលដែលតែងតែជួបរឿងរ៉ាវបែបនេះហើយ ដែលបណ្តាលឱ្យខ្ញុំសួរខ្លួនឯងថា មកពីហេតុអ្វី? តើបណ្តាលមកពី”ភាពក្រីក្រ” ឬ ”អវិជ្ជា”? បញ្ហាចាក់ស្រេះ ហើយវាងាយស្រួលណាស់ដែលយើងនាំគ្នាដាក់បន្ទុកទៅលើភាពក្រីក្រ ដូចដែលជីដូនក្មេងតូចម្នាក់នេះបានបន្ទោសទៅលើភាពរពឹសរបស់ក្មេងយ៉ាងដូច្នោះដែរ ប៉ុន្តែឯណាទៅភាពទទួលខុសត្រូវរបស់មនុស្សចាស់? ឯណាទៅកាតព្វកិច្ចរបស់ឳពុកម្តាយ? ខ្ញុំអាចខុស តែខ្ញុំជឿជាក់ថាមានតែការអប់រំទេដែលអាចធ្វើឱ្យយើងម្នាក់ៗអាចយល់បានពីពាក្យថាទំនួលខុសត្រូវ ហើយប្រសិនបើយើងមិនអាចឱ្យតម្លៃទៅលើភាពទទួលខុសត្រូវ នៅក្នុងកាលៈទេសៈដែលមានជីវភាពក្រលំបាក ទោះបីពេលមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏មិនប្រាកដថានឹងអាចផ្លាស់ប្តូរឥរិយាបថរបស់យើងឱ្យបែរមកយល់ដឹងពីបញ្ហានេះជាស្វ័យប្រវត្តិបានដែរ។

ទោះជាយ៉ាងណាក៏ដោយ ក៏ពេលវេលានេះមិនសមស្របនឹងវែកញែករកខុសរកត្រូវឡើយ ដូច្នេះហើយទើបខ្ញុំនិងសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ព្រមទាំងក្រុមការងារចុះជួយឃុំឃុនរាម បាននាំយកអំណោយមនុស្សធម៌និងថវិកាមួយចំនួន ទៅជូនដល់លំនៅឋានកើតហេតុដោយផ្ទាល់ភ្លាមៗ ដើម្បីបានជួយសម្រាលទុក្ខលំបាកខ្លះៗក្នុងពេលវេលាដ៏ចាំបាច់បំផុតនេះ ជាពិសេសសាងសង់ដំបូលបណ្តោះអាសន្នជាមុនសិន។

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រីនឹងខំខ្នះខ្នែងរកជំនួយពីសប្បុរសជនដើម្បីជួយសាងសង់ផ្ទះថ្មីឡើងវិញជូនគ្រួសារខាងលើ ដូចដែលតែងតែបានធ្វើរាល់ករណីភ្លើងឆេះផ្ទះក្នុងពេលកន្លងមក។ កាកបាទក្រហមកម្ពុជាតែងតែឆ្លើយតបមុនគេ លឿនជាងគេ និងមានប្រសិទ្ធភាពជាងគេក្នុងករណីបែបនេះ ហើយសង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានច្រើនថែមទៀត ដើម្បីបានជួយដោះស្រាយភ្លាមៗនិងសម្រាលទុក្ខលំបាកដល់របស់ជនរងគ្រោះដែលជួបហេតុការណ៍បែបនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print