ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួនពីបទលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ 

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះរថយន្តម៉ាកហាយឡេនឌ័រដើរលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនោះត្រូវបានកម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះធ្វើការបង្ក្រាបចាប់ខ្លួនបាន។

ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីកើតហេតុនៅវេលាម៉ោង៣ៈ០០ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ប្រតិបត្តិការបង្ក្រាបក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តដែលបញ្ជាឱ្យកម្លាំងនគរបាលស្នាក់ការកំពែងសហការជាមួយកម្លាំងអធិការដ្ឋានដេញតាមយ៉ាងប្រកិតទើបស្ទាក់ចាប់បាននៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីជនសង្ស័យគាស់ផ្ទះចំនួន២ផ្ទះនេះគឺស្ថិតក្នុងភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ាង បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចោរលួចគាស់យកសម្ភារមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ដុល្លារចំនួនជាងមួយពាន់ដុល្លារ, ប្រាក់រៀលជាង២០លានរៀល, ភេសជ្ជៈខារ៉ាបាវចំនួន២កេស។

រីឯម្ចាស់ផ្ទះជនរងគ្រោះទី២ឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នមកធ្វើចម្ការនិងលក់អីវ៉ាន់នៅចំណុចកើតហេតុខាងលើ។ចំពោះសម្ភារបាត់បង់រួមមាន៖ លុយខ្មែរជាង៨លានរៀល, លុយដុល្លារ២០ដុល្លារ, ខ្សែកផ្លាទីន១ខ្សែទម្ងន់២ជីកន្លះ, ទូរស័ព្ទ១គ្រឿង និងកាតទូរស័ព្ទមួយចំនួន។

ចំណែកជនសង្ស័យទី១-ឈ្មោះ ហៀប ឆៃហាប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់ភូមិគ្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទី២-ឈ្មោះ សេង ថាវី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រែតាងួន ឃុំ
ចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនសង្ស័យធ្វើសកម្មភាពមានគ្នា៣នាក់ រត់គេចខ្លួនម្នាក់មានឈ្មោះ ហ៊ា មិនស្គាល់ត្រកូល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមិនច្បាស់លាស់។

ជនសង្ស័យដែលឃាត់ខ្លួន២នាក់បានសារភាពថា នៅយប់ថ្ងៃកើតហេតុនេះខ្លួនទាំង២នាក់ពិតជាបានធ្វើសកម្មភាពចូលលួចទ្រព្យគេប្រាកដមែន។

ចំពោះវត្ថុតាងដែលរឹបអូសបានរួមមានរថយន្ដមួយគ្រឿងម៉ាកហាយឡេនឌ័រ
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0357 ត្រូវបានឃាត់ទុក និងសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋា នគរបាលខេត្តក្រចេះ ដើម្បីបំពេញនីតិវិធី៕
ដោយ ៖ ជីវ័ន្ត

    

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print