ពូកែខាងវាយប្រពន្ធ ប្តឹងនគរបាលឲ្យឃាត់ខ្លួនម្ដង កុំឲ្យចេះតែហ៊ាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងពូកែខាងវាយប្រពន្ធនៅពេលផឹកសុីស្រវឹងម្តងម្ដងៗ ។

ករណីហិង្សាក្នុងគ្រួសារវាយប្រពន្ធនិងការប្រើប្រាស់គ្រឿងញៀនខាងលើ កើតឡើងនារសៀលថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ផែន ផា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានប្រពន្ធ និងកូនប្រុស១នាក់ ក្នុងបន្ទុកគ្រួសារ ហើយកន្លងមកធ្លាប់ធ្វើការអប់រំជាញឹកញយមកហើយ ។

មន្រ្តីនគរបាលស្រុកដដែលបន្តថា យោងកំណត់ហេតុបណ្ដឹងស្រ្តីជាប្រពន្ធរបស់ឈ្មោះផែ ផា បានឲ្យដឹងថា កន្លងមកឲ្យតែមកពីផឹកសុីម្តងៗប្តីរបស់គាត់តែងតែរករឿងក្នុងគ្រួសារ ជាក់ស្ដែងម្ដងនេះបានយកដំបងគប់គាត់សំណាងដែរគាត់គេចផុត ហើយមិនអស់ចិត្តប្តីកំណាចស្ទុះមកវាយគាត់ជាច្រើនដៃថែមទៀតបណ្ដាលឲ្យជាំមុខមាត់។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យជាជនដៃដល់យកទៅធ្វើតេស្ដទឹកនោមឃើញវិជ្ជមានហើយសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕
ដោយ÷ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print