រឿងព្រេងខ្មែរ÷រឿង ស្រី ២ នាក់​ឈ្លោះ​ដណ្ដើម​ធ្មេញ​ឈើ

ចែករំលែក៖

មាន​និទាន​មួយ​ថា  មាន​ស្រី ២ នាក់ ស្រី​ម្នាក់​ម្ដាយ​ឈឺ​ធ្ងន់ បី​ម្ដាយ​ដាក់​លើ​ភ្លៅ យក​ទឹក​ក្បិត​មុខ ទើប​ម្ដាយ​ដឹង​ខ្លួន ។ ស្រី​ម្នាក់​ទៅ​សួរ​ជួល​ធ្វើ​ធ្មេញ​ឈើ ។ ស្រី​ម្ដាយ​ឈឺ​ធ្ងន់​ថា “ធ្មេញ​ឈើ​មាន តែ​ឥត​អ្នក​ណា​ទៅ​យក​ឲ្យ ព្រោះ​អញ​រវល់​នឹង​ម្ដាយ​ឈឺ​ធ្ងន់ ” ។ ស្រី​ដែល​ចង់​បាន​ធ្មេញ​ឈើ​នោះ​ថា “ បើ​អញ​ជួល​នាង​តើ​បាន​ឬ​ទេ ? ” ។ ស្រី​ម្ដាយ​ឈឺ​នោះ ហេតុ​តែ​ចង់​បាន​ឈ្នួល​ធ្មេញ​ឈើ ក៏​ព្រម​ជួល​ឲ្យ​ទៅ ហើយ​ក៏​ឲ្យ​ស្រី​ដែល​ជួល​នោះ​បី​ម្ដាយ​ឲ្យ, ខ្លួន​ឯង​ចូល​ទៅ​យក​ធ្មេញ​ឈើ អំពី​ក្នុង​ផ្ទះ ។ ឯ​ម្ដាយ​ឈឺ​នោះ ដាច់​ខ្យល់​ស្លាប់​លើ​ភ្លៅ​ស្រី​ជួល​ធ្មេញ​ឈើ​នោះ ហើយ​ស្រី​នោះ​បិទ​មាត់​ត្រឡប់​ភ្នែក​ឲ្យ ។ ស្រី​ជា​កូន​នោះ​យក​ធ្មេញ​ឈើ​មក​ឲ្យ​ស្រី​ដែល​ជួល​នោះ ហើយ​លើក​ខ្មោច​ម្ដាយ​ធ្វើ​បុណ្យ រួច​ទើប​ស្រី​ជួល​ធ្វើ​ឈើ​នោះ​យក​ធ្មេញ​ឈើ​មក​ឲ្យ ឲ្យ​ឈ្នួល​តែ​ហួង ១ ។ ស្រី​ម្ចាស់​ធ្មេញ​ឈើ​ថា “ អ្នក​ឯង​ជួល​អញ​យក​ទៅ​ត្បាញ​យូរ​ហើយ តាំង​អំពី​ម្ដាយ​អញ​ស្លាប់​ម្ល៉េះ លុះ​អញ​លើក​ខ្មោច​ធ្វើ​បុណ្យ​រួច​ហើយ ទើប​ឯង​យក​ធ្មេញ​ឈើ​មក​ឲ្យ​អញ ឲ្យ​ឈ្នួល​អញ​តែ​ហួង ១ អញ​ពុំ​យក​ឡើយ​លុះ​តែ​ឲ្យ​ឈ្នួល​អញ​ស្លឹង ១ ទើប​អញ​យក ” ។ ស្រី​ជួល​ធ្មេញ​ឈើ​ថា “ ម្ដេច​ក៏​នាង​ប្រើ​ឲ្យ​អញ​ឲ្យ​ឈ្នួល​ស្លឹង ១ បើ​ម្ដាយ​នាង​ស្លាប់​លើ​ភ្លៅ​អញ​ៗ បាន​បិទ​មាត់​ត្រលប់​ភ្នែក​ឲ្យ តើ​នាង​បាន​ជជុះ​លាស់​ឲ្យ​អញ​ឬ? ” ។ ស្រី​ទាំង ២ នាក់​ក៏​ឈ្លោះ​គ្នា​ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ កាត់​សេចក្ដី​នោះ​ពុំ​បាន ក៏​នាំ​ស្រី​ទាំង ២ នាក់​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​ដំណើរ​ទីទៃ ៗ ព្រះ​អង្គ​ទ្រង់​ពិចារណា​ថា “ ស្រី​ជួល​ធ្មេញ​ឈើ​ហេតុ​តែ​ជា​កូន​បុរាណ​ទើប​បាន​ម្ដាយ​នោះ​ស្លាប់​លើ​ភ្លៅ​បាន​បិទ​មាត់​ត្រឡប់​ភ្នែក​ឲ្យ ” ព្រះ​អង្គ​ទុក​នាង​នោះ​ជា​កូន​បង្កើត ហើយ​ឲ្យ​ចែក​របស់​អំពី​ខ្មោច​ម្ដាយ​នោះ​ជា ៣ ភាគ, ឲ្យ​ទៅ​ស្រី​ជួល​ធ្មេញ​ឈើ ២ ភាគ ស្រី​ជា​កូន ១ ភាគ ។ ព្រះ​អង្គ​បង្គាប់​ដូច្នេះ ស្រី​ទាំង ២ នោះ​ព្រម​ទទួល​យក​ចំណែក​ទីទៃ ៗ ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​ដោយ​លំនៅ​ទីទៃ ៗ ហោង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print