ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន ឱ្យដឹងថា ៖ កម្លាំងអាវុធហត្ថរបស់លោក បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វ៉ាងហួន អាយុ៤២ឆ្នាំ និងបានដកហូតក្រឡទាំងតូច-ធំ ចំនួន២៨១ក្រឡ។
លោកបញ្ជាក់ថា៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានរកឃើញក្រឡចាស់ៗពីបាតសមុទ្រ (សង្ស័យវត្ថុបុរាណ) ចំនួន២៨១ក្រឡ ពីជនជាតិវៀតណាមម្នាក់ ដែលបានលួចលាក់ទុក នៅចំណុចផែរូយ៉ាល់ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ប្រតិបត្ដិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សម្របសម្រួលនិតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសីហនុ និងសហការពីជំនាញ គឺលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងរក្សាទុកនូវទីបញ្ជាការដ្ឋា កងអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្តកសាងសំណុំរឿងទៅសាលាដំបូង៕
ដោយ៖ សិលា