ខេត្តកំពង់ចាម បន្តនូវវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួន០២កន្លែង នៅស្រុកស្ទឹងត្រង់ កំពុងដំណើរការ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីអញ្ជើញ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួន០២កន្លែង ក្នុងនោះ៖

-ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋស្រុកស្ទឹងត្រង់។ ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក បច្ចុប្បន្នសម្រេចបាន ៧៥%។

-ស្ពានទួលរកា (ព្រែកអាចារ្យសួន) ស្ថិតក្នុងភូមិដីលើ និងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលស្រុតបាក់សសរជើងទ្រស្ពានចំនួន១ដើម កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងអំឡុងពេលទឹកជំនន់ទន្លេមេគង្គកំពុងហូរខ្លាំង។ តាមរយៈកងវិស្វកម្មក្រសួងការពារជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ស្ពានបេតុង បណ្ដោយប្រវែង ៩០ម៉ែត្រ ទទឹង ៩,៦០ម៉ែត្រ ជំនួសស្ពានបេឡេចាស់ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាការតភ្ជាប់ចរាចរណ៍ពីខេត្តក្រចេះ មកកាន់ខេត្តកំពង់ចាម។

ឆ្លៀតក្នុងដំណើរបំពេញបេសកកម្មនោះ លោក ក៏បានបន្ដចុះជួប និងសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងពិនិត្យអាគារថ្មីរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលទើបសាងសង់រួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ថា៖ គិតត្រឹមឆ្នាំ២០២០នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ក្នុងខេត្តកំពង់ចាម ដែលមានអាគារថ្មីសមរម្យសម្រាប់បម្រើការងារប្រចាំថ្ងៃ មានចំនួន ៥៤ឃុំ-សង្កាត់ លើ១០៩ឃុំ-សង្កាត់ ក្នុងនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដែលក្រសួងមហាផ្ទៃបានផ្តល់ជូន មានចំនួន០៩ឃុំ-សង្កាត់ និងតាមរយៈការជួយពីសប្បុរសជននានា មានចំនួន ៤៥ឃុំ-សង្កាត់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print