ខេត្តត្បូងឃ្មុំ៖ នៅក្នុងពិធីសម្ពោធ សាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុគ (Facebook) ដែលកំពុងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រែក្លាយទៅជារដ្ឋាភិបាលបែបអេឡិចត្រូនិច (E-Government) ដើម្បីសម្រួលការងារ និងដោះស្រាយបញ្ហាផ្សេងៗតាមបច្ចេកវិទ្យាព័ត៌មានអោយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទិ្ឋភាពខ្ពស់ ជាក់ស្ដែងដូចជាក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន គឺកំពុងប្រើប្រាស់នូវបច្ចេកវិទ្យានេះ ដើម្បីសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្មដល់ក្រុមហ៊ុននានាបានរហ័ស និងមានតម្លារភាពដោយមិនចាំបាច់ឆ្លងកាត់បុគ្គលិកច្រើននាក់នោះទេ។
សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការប្រើប្រាស់ទំព័រ Facebook សម្តេច សព្វថ្ងៃនេះ គឺមិនមែនដើម្បីប្រកួតប្រជែងជាមួយនរណាម្នាក់នោះទេ គឺសម្រាប់តែដោះស្រាយពន្លឿនការងារជូនប្រជាពលរដ្ឋ អោយកាន់តែមានប្រសិទ្ធភាព។ តាមរយៈទំព័រ Facebook នេះ សម្តេចតេជោ បានទទួលការរាយការណ៍សំណូមពរ និងពាក្យបណ្តឹងដោយផ្ទាល់ពីប្រជាពលរដ្ឋ ហើយបញ្ហាមួយចំនួនគឺ សម្តេចដោះស្រាយបានភ្លាមៗ និងមួយចំនួនទៀតគឺបានបញ្ជូនទៅក្រសួង និងស្ថាប័នពាក់ព័ន្ឋនានាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានឆាបរហ័សបំផុត មិនដូចការវិភាគលើកឡើងរបស់បុគ្គលមួយចំនួនដែលតាំងខ្លួនជាមហាអ្នកវិភាគដែលតែងតែវិភាគវាយប្រហារមកលើសម្តេចតេជោ ទោះបីលោកខិតខំដើម្បីជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនយ៉ាងណាក៏ដោយ។
គេហទំព័រ សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាកន្លែងទទួលសំណូមពរ រួមទាំងពាក្យបណ្តឹងនានាពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលមន្រ្តីរាជរដ្ឋាភិបាលគ្រប់ក្រសួងមន្ទីរ ស្ថាប័ន រួមទាំងគណៈអភិបាលទូទាំងប្រទេសត្រូវចូលរួមសហការដោះស្រាយជូនប្រជាពលរដ្ឋអោយបានសមរម្យ និងឆាប់រហ័ស៕