ភ្នំពេញ៖ កម្ពុជាលើកពេលជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ -១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា ៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយមូលនិធិអាស៊ី -អឺរ៉ុប នឹងរៀបចំវេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធនឹង ឱសថក្លែងក្លាយ និងឱសថអន់គុណភាព ចាប់ពីថ្ងៃអង្គារ ១២កើត ខែអស្សុជ ដល់ថ្ងៃពុធ ១៣ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការគ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ -១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ហើយកិច្ចប្រជុំនេះជាកិច្ចប្រជុំអមដែលបានប្តូររបៀបប្រជុំគ្រោងធ្វើមានការជួបប្រជុំគ្នាផ្ទាល់នៅខេត្ត សៀមរាបនោះ មកជាបែបប្រជុំតាមប្រព័ន្ធវីដេអូវិញ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់ការចម្លង វីដ-១៩ ដែលនឹងផ្តោតលើប្រធានបទសំខាន់ៗ៖ ១) បន្ទុករបស់ពិភពលោកនៃវិបត្តិជំងឺកូវីដ-១៩ អភិក្រម ពហុវិស័យ គោលនយោបាយ និងអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ២) យន្តការរបស់អាស៊ី – អឺរ៉ុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ៣) កាលានុវត្ត ភាពសម្រាប់កិច្ចសហប្រតិបត្តិការ និង ៤) ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ឱសថក្លែងក្លាយ និង អន់គុណភាពជូនកិច្ចប្រជុំកំពូលអាស៊ី – អឺរ៉ុប លើកទី ១៣។ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមរបស់ឧត្តមមន្ត្រី សុខាភិបាលទួលបន្ទុកគោលនយោបាយ ឱសថ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសមកពីតំបន់អាស៊ី អឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអឺរ៉ុប សរុបប្រមាណ៣០០នាក់ ។ កិច្ចប្រជុំក៏នឹងពិភាក្សាដាក់ស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាព ដើម្បី ដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៥១ អនុម័តនៅក្នុងប្រជុំកំពូលអាស៊ី -អឺរ៉ុប លើកទី១៣ ដែល ត្រូវបានលើកទៅធ្វើនៅឆ្នាំក្រោយនៅព្រះរាជាណាចក្រកម្ពុជា ដោយសារការរាតត្បាតនៃជំងឺកូវីដ -១៩។
កិច្ចប្រជុំនេះនឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ហើយ ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូលសម្រាប់អនុវត្តបន្ត៕
ដោយ៖ សុខ ខេមរា