ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សប្រុសស្រី ២នាក់ រងរបួសធ្ងន់ ខណៈបើកគោយន្តចុះពីជំរាលភ្នំ បណ្ដាលឱ្យក្រឡាប់។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែង បានឱ្យដឹងថា ជនរងរបួសទី១-ឈ្មោះ ញ៉ឹល ឡៃ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកបើកបរ) របួសបាក់ជើងស្ដាំ និងទី២-ឈ្មោះ ហ៊ី ម៉េត ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (របួសបាក់ដៃទាំងសងខាង) ។ ជនរងគ្រោះត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ។
លោកវរៈសេនីយ៍ត្រីបន្ដទៀតថា ក្រោយពីកម្លាំងចុះមកដល់កន្លែងកើតហេតុ ឃើញថា ជនរងរបួស និងអ្នករួមដំណើរផ្សេងៗទៀត បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបើកគោយន្តចុះចំណោតភ្នំ ហើយបញ្ចូលលេខមិនចូលបណ្ដាលឱ្យគោយន្តលឿនទៅៗ ក៏កាច់ក្រឡាប់តែម្ដង ចំណែកវត្ថុតាងគោយន្តត្រូវបានប្រគល់ឱ្យគ្រួសារជនរងគ្រោះ ៕
ដោយ៖ ប៉ឹម ពិន