ខេត្តព្រះសីហនុ៖ ជនជាតិចិនប្រុសស្រី ចំនួន៣៨១នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការឆ្មក់ចូលឆែកឆេរនៅក្នុងភោជនីយដ្ឋានខារ៉ាអូខេយីហោ(ស៊ីនខាយមែន )ជាកម្មសិទ្ធិរបស់ជនជាតិចិន ។សកម្មភាពឆ្មក់ត្រួតពិនិត្យភោជនីយដ្ឋាននេះ បានធ្វើឡើងនៅវេលាម៉ោង០និង៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ភោជនីយដ្ឋានស៊ីនខាយមែន ជាកម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ។ ក្នុងនោះ ក្រុមសមត្ថកិច្ចបានឆែកឆេរនិងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣៨១នាក់។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរនៅបន្ទប់ជាន់ទី១និងជាន់ទី២ ក្នុងមានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់) ខ្មែរ២នាក់ (ប្រុស១ស្រី១)។
ជាលទ្ធផល រកឃើញកាំភ្លើងខ្លីចំនួន២ដើម គឺ១-ម៉ាក(សាសតាវ៉ា)គ្រាប់ចំនួន៨គ្រាប់ និង២-ម៉ាក(សូរ៉ាគី)មានគ្រាប់ចំនួន៦គ្រាប់។
ដោយឡែកក្លិបកម្សាន្តនៅបន្ទប់ជាន់ទី៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ (ប្រុសចំនួន៨២នាក់ស្រីចំនួន៣៩នាក់)។
ចំណែកបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ (ប្រុស១០នាក់ស្រី៥នាក់) សរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូតគ្រឿងញៀនមួយចំនួនធំ ( មិនទាន់ថ្លឹង ) ។
បច្ចុប្បន្នជនជាតិចិន ទាំងនេះ ត្រូវបានបញ្ជូនយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនីតិវិធី៕ ដោយ៖ ឆ្លាម សមុទ្រ