រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេស អារមេនី(Armenia) បានប្រកាសឲ្យដឹងថា កម្លាំងទាហានការពារដែនអាកាស បានបាញ់ទម្លាក់ យន្តហោះ៨០គ្រឿងគ្រប់ប្រភេទភាគច្រើនជាយន្តហោះគ្មានមនុស្សបើក ព្រមទាំងឧទ្ធម្ភាគចក្រ៧គ្រឿង និងរថក្រោះ រថពាសដែក ១៣៧គ្រឿង។ ក្រៅពីនេះក៏មានទាហាន Azerbaijan ដល់ទៅ៧៩០នាក់ស្លាប់ផងដែរ។
សារព័ត៌មាន AlJazeera បានប្រកាសឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា កម្លាំងទាហានArmenia បានប្រកាសថា ការប៉ះទង្គិចគ្នា ក្នុងរយៈពេល៣ថ្ងៃកន្លងមកបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។តាមការលើកឡើងរបស់កម្លាំងទាហាន Armenia បានបញ្ជាក់ថា មានទាហាន Azerbaijan ៧៩០នាក់ស្លាប់ ។ ចំណែកប្រទេសArmeniaមានមនុស្ស៩០នាក់បានស្លាប់ផងដែរ។ ក្រៅពីនេះក៏មានមនុស្ស ២០០នាក់ទៀតរងរបួស។ ប៉ុន្តែភាគី Azerbaijan មិនទាន់ប្រកាសពីចំនួនអ្នកស្លាប់និងរបួស ក្នុងការវាយប្រហារគ្នានោះទេ ។
សង្គ្រាមរវាង Armenia និឹង Azerbaijan បានផ្ទុះឡើងតាំងពីថ្ងៃទី ២៧ ខែកញ្ញា រហូតមកទល់ពេលនេះ ។ នៅពេលនេះមេដឹកនាំប្រទេសទាំងពីរមិនទាន់មានគម្រោងពិភាក្សាគ្នាបញ្ចប់សង្គ្រាមនោះឡើយ។ កន្លងមក អង្គការសហប្រជាជាតិ និងរុស្ស៊ីបានអំពាវនាវឲ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។
សូមបញ្ជាក់ថា សង្គ្រាមវាយប្រហារគ្នា កើតឡើងដោយសារតែវិវាទនៅក្នុងតំបន់ Nagorno-Karabakh ដែលមានផ្ទៃដី៤.៤០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំក្នុងប្រទេស Azerbaijan។ ប៉ុន្តែ មានពលរដ្ឋ Armenia ភាគច្រើនរស់នៅក្នុងតំបន់នោះ ។ តំបន់ Nagorno-Karabakh បានទាមទារគ្រប់គ្រងស្វ័យភាព ហើយដាក់ក្រោមការគ្រប់គ្រងរបស់Armenia។
សូមបញ្ជាក់ផងដែរថា តំបន់ខាងលើធ្លាប់ផ្ទុះសង្គ្រាមចាប់ពីខែកុម្ភៈ ឆ្នាំ១៩៨៨ ដល់ខែឧសភាឆ្នាំ១៩៩៤៕