ពិធីសែននំព្រះខែ ធ្វើដើម្បីអ្វី?

ចែករំលែក៖

ភ្នំពេញ៖ តាមឯកសារស្រាវជ្រាវរបស់ចិនបញ្ជាក់ថា ​ថ្ងៃទី១៥ ខែទី៨​របស់​ចិន ត្រូវ​នឹង​ខែកញ្ញា ឬ​ខែឬខែតុលានៃប្រតិទិនសូរិយាគតិប្រជាជនមានសែស្រឡាយ ជាជនជាតិចិន ឬវៀតណាម នឹង
រៀបចំពិធីសែននំព្រះខែ ឬពិធីបុណ្យគោមនៅតាមផ្ទះសម្បែងរៀងៗខ្លួន។
សម្រាប់ឆ្នាំ២០២០នេះ ថ្ងៃសែននំព្រះខែនឹងធ្វើនៅថ្ងៃ១៤កើតខែអស្សុជ ឆ្នាំ ជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍ទី០១ខែតុលា ឆ្នាំ២០២០។
តើ​នៅ​ក្នុង​ពិធីនេះ​ គេ​រៀប​ចំ​សែន​ព្រេន​អ្វីខ្លះ? ដល់​នរណា? ដើម្បី​អ្វី?។
ប្រពៃណីចិន-វៀតណាមសែនព្រះខែ ឬ​ពិធី​បុណ្យ​គោម គេ​ធ្វើ​នំ​ប្រពៃណី គឺ​នំ​លោក​ខែ​ជា​ច្រើន​ប្រភេទ សែន​ព្រេនដល់ទេវតា ពិសេស​ព្រះ​នាង​ឆាង​អ៊ី ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ក្នុង​ក្រុម​គ្រួ​សារ។ ក្មេងៗ ឬ​អ្នក​ខ្លះ ​កាន់​គោម ដុត​គោម ឬ​បង្ហោះ​គោម​ ដើម្បី​អបអរ​សាទរ​នៃ​រដូវ​ប្រមូល​ទិន្ន​ផល​កសិកម្ម​ផង​ដែរ។ រីឯ​អ្នក​ខ្លះ​ទៀត ហូប​នំលោក​ខែ ជា​មួយ​ទឹក​តែ ចេញ​ទៅ​មើល​ព្រះ​ច័ន្ទដ៏​ស្រទន់​រះ​ពេញ​វង់។

តើ​ពិធី​បុណ្យ​សែន​ព្រះ​ខែ មាន​ប្រវត្តិ​មក​ពីណា?
តាម​ឯក​សារ ពិធី​បុណ្យ​នេះ មាន​តាំង​ពីយូរយាណាស់មកហើយ គឺតាំងពីរជ្ជកាលព្រះចៅអធិរាជ យ៉ាវ ដែល​កាល​នោះ​មាន​ព្រះ​អាទិត្យ​រះ​ចំនួន ១០ ធ្វើធ្វើឲ្យផែនដីឆេះ។ ខណៈនោះដែរព្រះអង្គក៏បានផ្សព្វផ្សាយរកអ្នកជំនាញ​បាញ់​ធ្នូ។ បន្ទាប់​មក​ក៏មាន​បុរស​ម្នាក់ ឈ្មោះ ហូវយី ទៅ​បាញ់​ព្រះ​អាទិត្យ​អស់​៩ រួច​ព្រះ​អង្គ​ក៏​ប្រទាន​ថ្នាំ​ជីវិត​អមតៈ​ដល់​អ្នក​ក្លាហាន ប៉ុន្តែ​ទាល់​តែ​មនុស្ស​កាន់​សីល​ទើប​អាច​លេប​បាន។ នាង​ឆាង​អ៊ី ជា​អ្នក​តម្បាញ ដោយ​ខឹង​នឹង​ប្តី ​ហូវយី ទៅ​កាន់​សីល​យូរ ក៏​ប្រទះ​ឃើញ​ថ្នាំ​នោះ ថា​លេប​សម្លាប់​ខ្លួន។ តែ​បែបរជាលេបរួចហើយ ស្រាប់​តែ​នាង​អណ្តែត​ឡើង​លើ​អាកាស​ដល់​ព្រះ​ចន្ទនិងរស់នៅទីនោះជារៀងរហូត។

ដូច្នេះ​ទើប​គេ​គិត​ថា សម្រស់​ព្រះច័ន្ទ​ស្អាត ដែល​ជា​សម្រស់​របស់​ព្រះ​នាង​ឆាងអ៊ី បាន​ក្លាយ​ជា​ទេវ​តា​រស់​នៅជា​មួយ​សត្វ​ទន្សាយ​ជា​ច្រើន​ក្បាល។ តាំង​ពីពេល​នោះ​មក​មនុស្ស មួយ​ចំនួន​តែង​ឃើញ រូបស្ត្រី​ម្នាក់​អង្គុយ​ត្បាញ និង​ខ្លះ​ទៀត​ឃើញ​រូប​សត្វ​ទន្សាយ​ក៏មាន។ តាម​តំណាល​តៗគ្នា​នេះ​ហើយ ទើបជា​រៀង​រាល់​ថ្ងៃបុណ្យ​នំលោក​ខែ គេឃើញព្រះចន្ទពេញវង់ល្អនោះ គេតែង​តែ​យក​នំ និង​ម្ហូប​ខ្លះ​មាន​បង្អែម ដើម្បី​ថ្វាយ​ព្រះនាង​ឆាងអ៊ី។
តាមទំនៀមចិន បុណ្យសែននំព្រះខែះខែ​ ជាពិធីបុណ្យធំចិន ទីពីរបន្ទាប់ពីបុណ្យ​រដូវ​ផ្ការីក ឬ បុណ្យ​ចូលឆ្នាំ​ចិនដែលពិធីបុណ្យនេះធ្វើឡើងនៅពាក់កណ្តាលសរទរដូវ ហើយនៅប្រទេសចិន ព្រឹត្តិការណ៍ នេះគឺជា ពិធីបុណ្យធំទីពីរ ដែលមានថ្ងៃឈប់សម្រាក។
ចំណែកឯកសារចិនមួយទៀតបង្ហាញថា ប្រជាជន​ចិនសម័យ​បុរាណ​បានសង្កេត​នូវចលនា​ព្រះច័ន្ទ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់​ប្តូរ​រដូវ​កាល និង​ការ​ប្រមូល​ផលិត​ផល​កសិកម្ម។ ហេតុដូច្នេះ​ដើម្បី​សម្តែង​នូវការ​ដឹងគុណ​ចំពោះ​ព្រះចន្ទនិងអបអរពិធីរដូវប្រមូលភោគផលកសិកម្ម ប្រជាជន​​ចិនបាន​រៀបចំ​សែន​តង្វាយ​ភោគ​ផល​កសិកម្ម​ដល់​ព្រះច័ន្ទ​នៅអំឡុងថ្ងៃនៃសរទរដូវ។

ទំនៀម​​ទម្លាប់​​នេះ​​បាន​​កើត​​មាន​​ចាប់​​​​តាំង​ពីរជ្ជកាល​រាជវង្ស​ចូវ មុន​គ្រិស្ត​សករាជ ឆ្នាំ១០៤៦​-១២៥០ ហើយពិធី​បុណ្យនេះ ប្រារព្ធ​ធ្វើតែ​ក្នុងសាច់​ញាតិ​រាជវង្ស​ប៉ុណ្ណោះដែល​សម័យ​នោះមិនមាន​ប្រវត្តិ​កំណត់ត្រា​រក្សា ស្តីពី​ការរៀបចំ​ពិធី​បុណ្យ​នេះ​ឲ្យបាន​ច្បាស់​លាស់​ឡើយ។ ក្រោយមក​ក្នុងរជ្ជកាល​រាជ​វង្ស​សួយ​ក្នុង​គ្រិស្ត​សករាជ​ឆ្នាំ៥៨១​-៦១៨ និង​រជ្ជកាល​រាជវង្ស​ថាំង​ គ.ស​ឆ្នាំ ៦១៨-៩០៧ ដែលមាន​ភាពរុងរឿង ក្នុង​សង្គម​សេដ្ឋកិច្ច​វប្បធម៌ និង​មាន ជីវភាព​ធូរធារ បាន​ប្រណិប័តន៍ នូវទំនៀម​ទម្លាប់​ពិធី​ថ្លែង​អំណរ​គុណដល់​ព្រះច័ន្ទ បានឈាន​ជ្រៀត​ចូលមក​ក្នុងមជ្ឈដ្ឋាន​ប្រជាជន​ទូទៅ និង​ក្រុម​រាជវង្ស​បាន​បន្ស៊ី​បញ្ចូល​គ្នា។ ពិធី​រៀបចំ​ពាក់កណ្តាល​សរទ​រដូវ របស់​ប្រជាជន គឺមាន​សេរីភាព​ច្រើនជាង​ពិធីរៀបចំ​ដោយក្រុម​រាជវង្ស ដោយមិន​បាន​ប្រកាន់​យកថ្ងៃ​ជាក់លាក់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​សរទ​រដូវ​ឡើយ។ ហេតុដូច្នេះ ទើបមាន​ការកំណត់​យកថ្ងៃ​ទីដប់​ប្រាំ ខែទី​ប្រាំបី តាម​ប្រតិទិន​ចន្ទគតិ​ចិន គឺជា​ថ្ងៃមាន​ខែពេញ​វង់យក​មកធ្វើ​ជាថ្ងៃ​សែន​តង្វាយ​ដល់​ព្រះ​ចន្ទ្រ ព្រឹត្តិការណ៍​នេះ គឺបាន​កើតឡើង​នៅក្នុង​រជ្ជកាល​រាជវង្ស​ថាំង។ នាសម័យ​នោះផងដែរ ​នៅក្នុង​សម័យ​រាជវង្សសុង​ខាងជើង គ.សឆ្នាំ​៩៦០-​១១២៧ បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ បានក្លាយ​ជាពិធី​បុណ្យ​ប្រពៃណី​យ៉ាងទូលំ​ទូលាយ​ រួចជា​ស្រេច​ទៅហើយ។

តាមទំនៀម​ទម្លាប់​ប្រពៃណី​ចិន នៅថ្ងៃ​បុណ្យនេះ​ក្រុម​សមាជិក​គ្រួសារ​ជួបជុំគ្នា​ដោយរៀប​ចំតង្វាយ​សែន​ព្រះចន្ទ្រ ដោយកោត​សរសើរ​រស្មីព្រះ​ចន្ទពេញវង់ ដោយពន្លឺ​ត្រចះ​ត្រចង់ បរិភោគ​នំព្រះខែ និងបួងសួង​សុំសេចក្តី​សុខសប្បាយ​ដល់ញាតិ​មិត្តភក្តិ​ដែលរស់​នៅជិត​ឆ្ងាយឲ្យ​មានសេចក្តី​សុខសប្បាយ អាយុ​យឺនយូរ និង​ប្រកប​ដោយ​សេចក្តី​សុខ​ចម្រើន។ ក្រៅពី​នោះមាន​ទំនៀម​ទម្លាប់ខ្លះ​បានរៀបចំ​អុជ​ចង្កៀង​គោម និង រាំរបាំ​នាគ របាំតោ (លោត​ម៉ុង​សាយ) យោង​តាម​ភូមិភាគ​ខ្លះ។ ទំនៀម​ទម្លាប់នេះ គឺអាស្រ័យ​លើការ​ប្រកាន់​យកតាម​ការប្រតិបត្តិ​ជាប្រពៃណី​ក្នុងបណ្តា​ជនជាតិ​ភាគតិច​នីមួយៗ ដូចជា​សម្រាប់​ប្រពៃណី​ជនជាតិ​ម៉ុងហ្គោល បានរៀប​ចំ “ពិធី ដេញចាប់​ព្រះចន្ទ” និង “ពិធីលួច​បន្លែ​ផ្លែ​ឈើ” ក្នុងទំនៀម​ទម្លាប់​ជនជាតិ​តុង​ជាដើម។

នំសែន​ព្រះខែ គឺជា​អាហារ​ពិសេស​សម្រាប់​ឱកាស​បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ។ នៅថ្ងៃ​បុណ្យ​មនុស្ស​បាន​រៀប​តង្វាយ​នំសែន​ព្រះខែ និងមាន​ពិធី​បរិភោគ​នំ​ព្រះខែ។ នំសែន​ព្រះខែ​មាន​រសជាតិ និង​ទម្រង់​ផ្សេងៗ​គ្នា​តាម​ចំណូល​ចិត្តក្នុង​ភូមិភាគ។ ជាទូទៅ​នំព្រះខែ​មាន​រាង​មូល ដែលជា និមិត្ត​រូប​នៃការ​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ ហេតុនេះ​ការអង្គុយ​ជួបជុំគ្នា​បរិភោគ​នំព្រះខែ​ក្រោម​ពន្លឺ​ព្រះចន្ទពេញវង់ គឺបាន​ធ្វើ ឲ្យនឹក​រលឹក​ដល់​ញាតិ​មិត្ត​ដែល​ស្ថិត​នៅទី​ឆ្ងាយ។ សព្វថ្ងៃ​ មនុស្សម្នា​បាន​យក​នំសែន​ព្រះខែ​ធ្វើអំណោយ​ ដល់ញាតិ​មិត្ត និង បាន​បង្ហាញ​ការបួង​សួងឲ្យ​មាន​សេចក្តី​សុខ​សប្បាយផងដែរ៕
ស្រាវជ្រាវដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print