កាលពីយប់ថ្ងៃទី៣០ខែកញ្ញា ក្រុមភេរវកម្មវាយប្រហារអត្តឃាតបានបើករថយន្តផ្ទុករំសេវផ្ទុះបុកទីតាំងត្រួតពិនិត្យនៅខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស១១នាក់។
ការវាយប្រហារខាងលើកើតឡើង ក្រោយពេលដែលកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងក្រុមតាលីបង់និឹងថ្នាក់ដឹកនាំកម្លាំងទាហានតាលីបង់ នៅប្រទេសកាតារមិនទទួលបានជោគជ័យ។
អ្នកនាំពាក្យមន្ត្រីក្នុងតំបន់ លោកOmar Zwak បានឲ្យដឹងថា ភេរវករបានបើករថយន្តសំដៅ ទៅលើទីតាំងត្រួតពិនិត្យសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ក្នុងចំណោមអ្នកស្លាប់ មានទាហាន៧នាក់ និងពលរដ្ឋ៤នាក់។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ។ ប៉ុន្តែមានការសង្ស័យថា ក្រុមតាលីបង់ជាអ្នកវាយប្រហារនេះ។
ជាមួយគ្នានេះដែរមន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា មានករណីវាយប្រហារគ្រាប់បែកផ្សេងទៀតនៅខេត្ត Khost ស្ថិតនៅភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន សម្លាប់មនុស្ស៦នាក់ផងដែរ។ ជនដៃដល់វាយប្រហារបានស្លាប់នៅនឹងកន្លែង៕