សង្គ្រាម​អាមេនី និង អាហ្ស៊ែបៃហ្សង់ ៖ អាមេរិក បារាំង រុស្ស៊ី ចេញសេចក្តីប្រកាសរួមអំពាវនាវឱ្យឈប់ចងគំនុំ

ចែករំលែក៖

នៅថ្ងៃទី​​១ ខែតុលា រុស្ស៊ី បារាំង និងអាមេរិក បានស្នើដល់កម្លាំងទាហាន អាហ្ស៊ែបៃហ្សង់ និង អាមេនី អនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ ហើយវិលត្រឡប់ចូលតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ។
នៅក្នុងសេចក្តីប្រកាសរួម​​ ប្រធានាធិបតីទាំង​៣បានបញ្ជាក់ថា «យើងសូមអំពាវនាវដល់មេដឹកនាំ អាមេនី និង អាហ្ស៊ែបៃហ្សង់សន្យា​តភ្ជាប់កិច្ចពិភាក្សា​ដោយគ្មានលក្ខខណ្ឌ »។
ជាមួយគ្នានេះដែរ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រឆាំងទៅលើសកម្មភាពរបស់អាមេរិក រុស្ស៊ី និងបារំាង​ ក្នុងការស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Caucasus ដោយយកមូលហេតុថា មិនបានយកចិត្តទុកដាក់ទៅលើវិវាទដែលបានកើតឡើងនៅទីនោះរយៈពេល​៣០ឆ្នាំកន្លងមក​។
ប្រធានាធិបតីតួកគី លោក Erdogan បញ្ជាក់ទៀតថា សន្តិភាពយូរអង្វែងអាចនឹងកើតឡើងនៅតំបន់នោះ លុះត្រាតែ ប្រទេសអាមេនី ដកទាហានចេញពី Nagorny – Karabakh ។​ ប្រធានាធិបតីតួកគីបានបញ្ជាក់ទៀតថា​« ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែង គឺអាស្រ័យទៅលើប្រទេស​អាមេនី ។ បើអាមេនីដកទាហានចេញពីទឹកដីអាហ្ស៊ែបៃហ្សង់នោះសន្តិភាពនឹងកើតមានឡើង​»។
ការវាយប្រហារគ្នា បានផ្ទុះឡើងតាំងពីថ្ងៃទី ២៧ ខែកញ្ញា រហូតមកដល់ពេលនេះបណ្តាលឲ្យទាហានទាំងសងខាងរងការខាតបង់យ៉ាងច្រើន ទាំងសម្ភារនិង​អាយុជីវិតទាហាន និងពលរដ្ឋ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print