ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលចេញខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
ខណៈកំពុងបើកម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័របេីកមកពីក្រោយបុកនិងកិនរួចបន្តទៅបុករ៉ឺម៉កកង់បីបណ្តាលឲ្យក្រឡាប់ផ្ងារជេីងហើយរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមការឆែកមេីលតាមអត្តសញ្ញាណប័ណ្ណក្នុងកាបូប ជនរងគ្រោះមានឈ្មោះកង សុភ័ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណេីតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីម្ចាស់រឺុម៉កកង់បីឈ្មោះយ៉ាង សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅកាណាស៊ីធី សង្កាត់ចោមចៅទី២ បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ចំណែកជនរងគ្រោះ(សព)ជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1M- 7343 ធ្វេីដំណេីរមកពីក្រោយគាត់។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូនិងកិនចំក្បាលជនរងគ្រោះជាអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពព័ត៌មានដដែលបានបន្តថា បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តមកបុករ៉ឺម៉កកង់បីគាត់ថែមទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជេីងតែសំណាងដែរដែលមិនរងរបួស ហើយភ្លាមៗនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ដើម្បីសម្រួលចរាចរណ៍និងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកម៉ូតូរួមទាំងរ៉ឺម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់។ ចំណែកសពត្រូវបានស្វែងរកសាច់ញាតិមកទទួលដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ