ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានតាមចាប់ខ្លួនជនសង្ស័យជាបងប្រុសបង្កើតដែលវាយសម្លាប់ប្អូននោះបានហើយ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។
បទល្មើសវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទាយអាមេរិក ក្នុងភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រតិបត្តិការបង្ក្រាបដោយជោគជ័យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយពេលកើតហេតុឃាតកម្មនេះ ។
ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ បែបនេះ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការគ្នា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹកទើបធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង ។
ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុថុន ហៅពូជ បណ្តាលឱ្យស្លាប់ ព្រោះខឹងជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់របរក្នុងផ្ទះយកទៅលក់អស់គ្មានសល់ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឱ្យជនសង្ស័យជាបងបង្កើតទ្រាំមិនបានក៏យកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រវាយបណ្តាលឱ្យស្លាប់តែម្តង រួចគេចខ្លួនមកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណីស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ចេស្តា
ច្បាប់ ៕