លោក ដួង តារា៖ ម្តាយកូន៥ លក់ម៉ាសតាម facebook មានជីវិតកំណើតទី២ នៅថ្ងៃទី ២២ កញ្ញា ២០២០

ចែករំលែក៖

ភ្នំពញ៖ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថា៖ ទោះបីមិនបានបញ្ចេញសកម្មភាពល្អអ្វីមួយ គឺគ្រាន់តែគិតល្អ ហើយចង់បានអ្វីៗល្អទាំងសម្រាប់ខ្លួនយើង នឹងសម្រាប់អ្នកដទៃផងនោះ ទេវតាប្រាកដជាតាមថែរក្សាយើងមិនខាន។

លោកបញ្ជាក់ថា៖ ប្អូនស្រី ជឿន សុខុន មានកូនប្រាំនាក់(ភ្លោះស្រី៣)អាយុក្រោម១០ឆ្នាំ ត្រូវបានជាប់ឃុំនៅព្រៃសរជាង១ខែ ព្រោះតែទិញលក់ទំនិញតាម facebook អនឡាញ គ្មានការទទួលខុសត្រូវ ដែលធ្លាក់ក្នុង “បទល្មើសឆបោក”។ មិនមែនតែប្អូនស្រីទេ គឺអាចមានបងប្អូនយើងជាច្រើននាក់ដែលរកស៊ីទិញលក់ម៉ាសអនឡាញ នៅក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំង។ ខ្លះចំណេញ ខ្លះក៏ខាត និងខ្លះជាប់ពន្ធធនាគារ ដូចករណីប្អូនស្រីខាងលើសា្រប់។

លោកលើកឡើងថា៖ ដោយសាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា Internet ជាពិសេស facebook ដែលកំពុងទាក់ទាញអ្នកប្រើប្រាស់បានរាប់សិបលាននាក់នៅក្នុងប្រទេសយើង ដែលអាចអោយអ្នកប្រើប្រាស់ឈានទៅបើកហាងលក់ដូរទំនិញតាម facebook online បានយ៉ាងមានប្រសិទ្ធិភាព។

ប្អូនស្រី ជឿន សុខុន បានកម៉្មង់ម៉ាសជាច្រើនពីអ្នកលក់បោះដុំតាម Online យកមកលក់បន្តឱ្យអ្នកទិញយកទៅលក់រាយ ចំនួន ៦នាក់។ ថ្ងៃមួយនៅពេលដែលប្អូនស្រីបានទទួលលុយពីអ្នកកម្ម៉ង់ទិញយកទៅបង់អោយអ្នកបោះដុំ Online ទាំងអស់ ដែលមានប្រភពនៅប្រទេសថៃ និងវៀតណាមរួចហើយ គឺម្ចាស់ accounts នេះបានបិទ account facebook ហើយគេចខ្លួនបាត់អស់ បន្សល់ទុកអោយប្អូនស្រីតែម្នាក់ប្រឈមសងលុយគេ ៦នាក់។

ប្អូនស្រីត្រូវបានអ្នករងគ្រោះទាំង៦ប្តឹងទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា។ បន្ទាប់មកក៏ត្រូវបានបញ្ជូនទៅតុលាការ ព្រោះគ្មានលុយសងគេវិញ ហើយចៅក្រមស៊ើបសួរក៏សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅព្រៃស កាលពីថ្ងៃ ១៤ ខែសីហា ឆ្នាំ២០២០ ដោយបានទុកកូន៥នាក់ នឹងម្តាយចាស់ជរាដែលមានជំងឺប្រចាំកាយផងនៅមើលចិញ្ចឹមថែរក្សា។

ដោយទ្រាំនឹងអម្រែកនៃទុក្ខលំបាកនេះទៅមុខទៀតលែងរួច នៅថ្ងៃទី២១ កញ្ញា លោកយាយ ឈុំ វ៉ាត អាយុ៧០ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ប្អូនស្រី ជឿន សុខុន បានគោរពអង្វរសុំការសណ្តោសប្រណីពីសម្តេចតេជោដើម្បីកូនស្រី បាននៅក្រៅឃុំ នឹងមានឱកាសបានធ្វើការរកលុយសងគេវិញ។

ដោយទឹកចិត្តអាណិតស្រឡាញ់ និងអាសូរចៅៗទាំង៥នាក់ សម្តេចតេជោ បានចាត់អោយខ្ញុំសហការធ្វើការលើផ្លូវច្បាប់ជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលអំពីលទ្ធភាពដែលអាចជួយអោយប្អូនស្រី ជឿន សុខុន អោយនៅក្រៅឃុំបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់។ នៅពេលនេះ កូនស្រីគាត់បានចេញពីមន្ទីរឃុំឃាំងនៅក្រៅឃុំហើយ។ លុយដែលប្អូនស្រីជំពាក់មនុស្សចំនួន៦នាក់គឺសរុបទាំងអស់មានចំនួន១៣,០០០ ដុល្លារ។

សំណាងណាស់ គឺមានសប្បុររសដែលដឹងគុណសម្តេចដែលបានរំដោះប្រទេសាចេញផុតពីសង្រ្គាមដែលនាំមកនូវសុខសន្តិភាពពេញលេញសម្រាប់កម្ពុជា ពួគេក៏បានរៃលុយគ្នាយកទៅជួយប្អូនស្រីសងទៅអ្នកដែលគាត់ជំពាក់ប្រាក់ទាំង ៦នាក់បានរួចចប់សព្វគ្រប់។ អ្នកដើមបណ្តឹងទាំង៦នាក់បានយល់ព្រមដកបណ្តឹងឈប់ប្តឹង ប្អូនស្រី ជឿន សុខុន តទៅទៀតហើយនៅពេលនេះ។

លោក ដួង តារា សំដែងនូវការអាណិត ដោយថ្លែងថា៖ ខ្ញុំខ្លោចចិត្តស្រក់ទឹកភ្នែកដែលបានឃើញព្រឹត្តិការណ៍នេះជាមួយនឹងការរំភើបរីករាយក្រៃលែងចំពោះទឹកចិត្តប្រកបដោយក្តីមេត្តានិងព្រហ្មវិហារធម៍ដ៏មហាជ្រាលជ្រៅបំផុតដែលសម្តេចតេជោតែងតែមានចំពោះពលរដ្ឋគ្រប់ៗរូប។ នៅពេលនេះ ស្រ្តីជាម្តាយ និងកូនប្រាំនាក់ ព្រមទាំងលោកយាយបានរស់នៅជួបជុំគ្នាផុតអស់ពីមហាកង្វល់ក្នុងដើមទ្រូងទៀតហើយ។ ខ្ញុំបាទសូមគោរពអរគុណដល់សម្តេចតេជោ យ៉ាងជ្រាលជ្រៅបំផុតដែលបានផ្តល់កំណើតទី២ដល់ប្អូនស្រី ជឿន សុខុន។

លោកបញ្ជាក់ថា៖ ករណីប្អូនស្រី ជាមេរៀនសម្រាប់អ្នកលក់ដូរអនឡាញទាំងអស់ (facebook) ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានការទទួលខុសត្រូវខ្ពស់បំផុត ព្រោះបងប្អូនអាចប្រឈមនឹងបញ្ហាដូចប្អូនស្រីនេះមិនខានបើមិនបានគ្រប់គ្រងឬស្គាល់អ្នកលក់ អ្នកទិញបានច្បាស់លាស់ទេនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print