ភ្នំពេញ៖ នៅថ្ងទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចបន្ទប់ជួលលេខ៦ក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណីជនសង្ស័យម្នាក់ចូលទៅលួចយកទូរស័ព្ទដៃរបស់គេម៉ាក Oppo F9 ប៉ុន្តែជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ជនសង្ស័យមានឈ្មោះ សាយ តារាភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ឆាយ លីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅ បន្ទប់ជួលលេខ៦ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ត្រូវជនសង្ស័យខាងលើចូលលួចយកទូរស័ព្ទ១គ្រឿងម៉ាកOppo F9។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុនៅថ្ងៃខែឆ្នាំខាងលើជនរងគ្រោះបានមកពីធ្វើការចូលបន្ទប់ស្នាក់នៅដើម្បីសម្រាកហើយបានទុកទូរស័ព្ទក្បែរខ្លួន ខណៈនោះស្រាប់តែជនសង្ស័យបានដើរចូលមកលួចរួចដើរចេញទៅបាត់។ ពេលឃើញចោរចូលលួចទូរស័ព្ទនោះជនរងគ្រោះពុំបានស្រែកផ្អើលឆោឡោទេ។ លុះដល់វេលាម៉ោង ១៩:៣០នាទីជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្រុសបង្កើតថាឃើញជនសង្ស័យនៅបន្ទប់ជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ក៏ទៅឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីនៃច្បាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីណា