ខេត្តសៀមរាប៖ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាបមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង អាចបម្រើបានស្ទើរតែគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស ។
សហគមន៍បាគងភូមិខ្ញុំនេះ បានបើកទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរក្នុងស្រុករយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ។
វត្តមានរបស់សហគមន៍ទេសចរណ៍នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង និងរដ្ឋបាលឃុំបាគងផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍បាគងភូមិខ្ញុំ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដើម្បីឱ្យសហគមន៍មានភាពស្ថិតស្ថិរទៅបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានច្រើន និងត្រូវបែកចែកចំណូលប្រកបដោយសមធម៌ទៅឱ្យពួកគាត់ មានន័យថា អ្នកធ្វើកិច្ចការងារណា ត្រូវតែទទទួលបានប្រាក់ចំណូលពីការងារនោះ ដោយអ្នកធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។ នៅពេលដែលសហគមន៍អនុវត្តការបែងចែកនេះត្រឹមត្រូវ នោះប្រជាពលរដ្ឋនឹងទទួលបានចំណូលសមរម្យ អាចដោះស្រាយជីវភាពគ្រួសារបាន ប្រជាពលរដ្ឋនឹងមិនចំណាកស្រុកទៅណាឡើយ ហើយពួកគាត់នឹងនៅបម្រើការក្នុងវិស័យទេសចរណ៍ជាមួយសហគមន៍ ប្រកបដោយភាពរីករាយសុខដុមរមនីយ។
លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ប្រធានសហគមន៍ ត្រូវផ្តោតលើការយកចិត្តទុកដាក់ចំពោះបដិសណ្ឋារកិច្ចនៅក្នុងសហគមន៍ និងត្រូវផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព រីឯបុគ្គលិកបម្រើសេវាកម្មត្រូវមានភាពញញឹមរួសរាយរាក់ទាក់ សំដីសំដៅក៏ត្រូវមានភាពសមរម្យដាក់ភ្ញៀវទេសចរ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវជួយសហគមន៍បន្ថែមទៀត ពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្ស (ជ្រើសរើសចេញពីក្នុងមូលដ្ឋានផ្ទាល់) អំពីការទទួលបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មផ្សេងៗ និងគុណភាពសេវាកម្ម ព្រោះសេវាកម្មជាការទាក់ទាញភ្ញៀវទេសចរ ។
ម្យ៉ាងវិញទៀត បញ្ហាអនាម័យ បរិស្ថាន និងសំរាមក៏ត្រូវគិតគូរឱ្យបានហ្មត់ចត់ផងដែរ មានន័យថា ក្នុងសហគមន៍មិនត្រូវមានសំរាម ត្រូវមានបរិស្ថានស្អាត ម្ហូបអាហារ និងរបស់របរប្រើប្រាស់ត្រូវមានអនាម័យជានិច្ច។
លោកបានបញ្ជាក់ថា ឱ្យតែបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម និងអនាម័យដំណើរការបានល្អ សហគមន៍នឹងអាចទាក់ចិត្តភ្ញៀវទេសចរបានកាន់តែច្រើន និងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តសៀមរាបបានកាន់តែល្អផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត គប្បីបន្តការជួយគាំទ្រដល់សហគមន៍បាគងភូមិខ្ញុំនេះ ដើម្បីឱ្យផលិតផលទេសចរណ៍ដ៏ល្អនេះកាន់តែមានការរីកចម្រើនទៅមុខ និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវដើរឱ្យស្របនឹងទស្សនទាន «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ»។
លោក ថោង ខុន បានបង្ហាញក្ដីសង្ឃឺមថា ការអនុវត្តរួមគ្នានេះនឹងនាំជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានជីវភាពរីកចម្រើនតទៅមុខ និងអភិរក្សបាននូវសម្បត្តិបេតិកភណ្ឌជាតិនៅទីនោះផងដែរ។
លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បី៖
១៖ ជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។
២៖ ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
៣៖ លើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ» ៕ ដោយ៖ សូរិយា