ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយា សូមឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា៖ សូមជំរាបថា កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថា លោកនិងភរិយាបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។ បច្ចុប្បន្នលោក ត្រាំ កំពុងតែសម្រាកនៅមន្ទីរពេទ្យយោធាមួយកន្លែង ដើម្បីទទួលការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
នៅថ្ងៃនេះ សារជូនពរសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖
«ឯកឧត្តម ដូណាល់ យ៉េ ត្រាំ, ប្រធានាធិបតី សហរដ្ឋអាមេរិក, ក្រុងវ៉ាស៊ីនតោន ឌីស៊ី. ឯកឧត្ដមជាទីគោរពរាប់អាន, ខ្ញុំ និងភរិយា មានកី្តក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវបានឆ្លងមេរោគកូវីដ១៩ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ឋប្រឆាំងនឹងជម្ងឺថ្មីនេះ ក៏ដូចជាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងជីវភាពប្រជាជន។
ខ្ញុំ និងភរិយា សូមជូនពរស័ព្ទសាធុការដ៏បវរសូមឲ្យឯកឧត្តម និងលោកជំទាវឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូណ៌។
ខ្ញុំសូម ឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕
ដោយ៖ សិលា