នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassinបានសម្រេចចិត្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយពេលលោកបានជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសាសនា លោក Zulkifli Mohamad al-Bakri ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៥ ខែតុលា បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា លោកបានសម្រេចធ្វើចត្តាឡីស័ក ១៤ថ្ងៃ ។ កន្លងមកនាយករដ្ឋមន្ត្រីក៏បានធ្វើតេស្តរួចមកហើយដោយមានលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩សរុបមាន ១២,៨១៣នាក់ និងស្លាប់ ១៣៧នាក់។
តាមគេហទំព័រ Worldometers គិតមកដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានករណីឆ្លង កូវីដ-១៩ កើនឡើងដល់ទៅ ៣៥,៤៤៤,៤៧៦នាក់ ក្នុងនោះមានអ្នកស្លាប់ ១,០៤២,៦១៦នាក់ និងជាសះស្បើយ ដល់ទៅ ២៦,៦៥០,១២០នាក់ផងដែរ។
ប្រទេសដែលឆ្លងច្រើនជាងគេគឺអាមេរិកដដែល មានអ្នកឆ្លងជាង ៧,៦៣៧,៨៦៤នាក់ ស្លាប់ ២១៤,៦២៦នាក់ ។ ចំណែកលំដាប់លេខពីរគឺឥណ្ឌាមានអ្នកឆ្លង ៦,៦២៦,២៩១នាក់ និងស្លាប់ ១០២,៧៤៦នាក់ ។ តាមការព្យាករ ក្នុងពេលដ៏ខ្លីខាងមុខ ឥណ្ឌា នឹងឈានមុខអាមេរិក ក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេលើពិភពលោក ដោយបប្ចុច្បន្នចំនួនអ្នកឆ្លង ក្នុងមួយថ្ងៃៗ នៅឥណ្ឌា ច្រើនជាងអាមេរិកដល់ទៅ៥-៦ដង៕