សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកបានវិលទៅកាន់សេតវិមានវិញ ហើយប្រកាសថានឹងបន្តសកម្មភាពឃោសនាបោះឆ្នោតក្នុងពេលឆាប់ៗនេះ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយរយៈពេល៤ថ្ងៃព្យាបាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៦ ខែតុលា លោកត្រាំបានវិលមកកាន់សេតវិមានវិញ។ ក្រោយពេលឧទ្ធម្ភាគចក្របញ្ជូនលោកត្រាំពីមន្ទីរពេទ្យ Walter Reed ទៅកាន់សេតវិមាន ប្រធានាធិបតីត្រាំ មិនពាក់ម៉ាស់នោះឡើយ។
នៅក្នុងឃ្លីបវីដេអូថ្មីបំផុតពីសេតវិមាន លោកត្រាំ បញ្ជាក់ថា ពលរដ្ឋអាមេរិកមិនត្រូវបារម្ភខ្លាំងពេកពីជំងឺកូវីដ-១៩នោះឡើយ។ លោកត្រាំបញ្ជាក់ទៀតថា អាមេរិកនឹងមានថ្នាំល្អបំផុតលើពិភពលោកដើម្បីព្យាបាលកូវីដ-១៩។
ក្នុងពេលដែលលោកត្រាំវិលត្រឡប់មកសេតវិមានវិញ គឺចំពេលលេខាព័ត៌មានសេតវិមានលោកKayleigh McEnany និងជំនួយការពីររូបផ្សេងទៀតគឺ Chad Gilmartin និងលោកស្រី Karoline Leavitt បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ។
គ្រូពេទ្យរបស់លោកត្រាំ គឺវេជ្ជបណ្ឌិត Sean Conley បានបញ្ជាក់ថា លោកបានវាយតម្លៃពីសុខភាពរបស់ប្រធានាធិបតី ហើយស្ថានភាពជំងឺអាចឲ្យលោកត្រាំចេញពីមន្ទីរពេទ្យបាន។ លោក Sean Conley បន្តទៀតថា ប្រធានាធិបតីត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងនៅឡើយទេ ប៉ុន្តែលោកនឹងទទួលបានការមើលថែសុខភាពល្អបំផុតលើពិភពលោក 24/7ម៉ោងនៅសេតវិមាន ។
លោកត្រាំ ធ្លាប់បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា លោកពិតជាមានសុខភាពល្អធម្មតា ហើយពលរដ្ឋអាមេរិកមិនត្រូវបារម្ភភ័យខ្លាចពីជំងឺនេះខ្លាំងពេកនោះឡើយ ។ ការដែលលោកត្រាំចេញពីមន្ទីរពេទ្យលឿនអាចលុបបំបាត់ការមន្ទិលសង្ស័យ ពាក្យចចាមអារ៉ាមអាក្រក់ស្តីពីសុខភាពរបស់លោកត្រាំ។
អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំបានបញ្ជាក់ថា ប្រធានាធិបតីនឹងបន្ត តស៊ូមតិ នៅថ្ងៃទី១៥ ខែតុលា ខាងមុខទៀត ជាមួយលោក បៃឌិន នៅទីក្រុង Miami រដ្ឋ Florida៕ដោយ៖ធី រីណា