ព្រឹកនេះ.! រដ្ឋសភាបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ បម្រើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបវារៈដែលបានអនុម័តកាលពីសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញ។

សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភា លើកយកមកបន្តពិភាក្សានិងអនុម័តក្នុងសម័យប្រជុំថ្ងៃនេះ មាន៖
១- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៥- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។
៦- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។
៧- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
៨- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់ខាងលើសុទ្ធសឹងមានសារៈសំខាន់នៅក្នុងសង្គមជាតិ ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការអន្តរជាតិ។ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ នឹងផ្សាយជូននៅពេលបញ្ចប់កិច្ចប្រជុំ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print